ភ្នំពេញ៖

ស្លាប់ម្នាក់និងរងបួសម្នាក់ ខណៈជិះម៉ូតូបុកជាមួយរថយន្តមួយគ្រឿងនៅផ្លូវ៣០ម៉ែត្រ មុខក្រសួងកិច្ចការនារី  សង្កាតស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សពជនរងគ្រោះខាងលើ មានឈ្មោះ សាន់ ចាន់ថា អាយុ ២៨ឆ្នាំ មុខរបរ ជាងកញ្ចក់ ស្មាក់នៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1AC-2985 ឌុបគ្នាចេញពីផ្ទះ នៅម្តុំភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រញាប់ទៅធ្វើការ ឲ្យទាន់ពេលវេលា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះដល់ចំនុចកើតហេតុ ក៏បានបុកជាមួយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌សពាក់ផ្លាកលេខ 2AK-5926 ដែលកំពុងបត់ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចបត់ចូលក្រសួងកិច្ចការនារី បណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗម្នាក់និងរបួសម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពជនរងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕