ភ្នំពេញ ៖ 

អគ្គិភ័យមួយ បានឆាបឆេះផ្ទះជួសជុលគ្រឿងអេឡិចត្រូនិចនិងលក់កាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងជាង៤ជិតភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យម្ចាស់ផ្ទះ៤នាក់មានប្ដីប្រពន្ធនិងកូន២នាក់ ស្លាប់នៅក្នុងផ្ទះនោះយ៉ាងអាណោចអធ័មបំផុត ពុំមាននរណាអាចជួយពួកគាត់បានទាន់ពេលវេលានោះឡើយ ។ 

ជនរងគ្រោះខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកមូលហេតុដែលនាំឲ្យឆាបឆេះនោះក៏មិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយដែរ ។ 

ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ គេ បានឃើញភ្លើងចាប់ផ្ដើមឆេះចេញពីទូលក់កាហ្វេនៅខាងមុខ រួចក៏រាលចូលទៅក្នុងផ្ទះសន្ធោសន្ធៅ ។ ពេលនោះអ្នកជិតខាងបាននាំគ្នាព្យាយាមជួយពន្លត់ និងជួយយកម្ចាស់ផ្ទះចេញដែរ ប៉ុន្តែមិនអាចជួយបានដោយភ្លើងឆេះខ្លាំងពេក ហើយម្ចាស់ផ្ទះក៏បានជាប់គាំងនៅក្នុងនោះតែម្ដង។ 

ដោយឡែក អាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមសង្រ្គោះនិងពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យក៏បានទៅដល់ទីនោះភ្លាមៗដែរ ប៉ុន្តែក៏មិនអាចជួយម្ចាស់ផ្ទះបានដែរ ព្រោះពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយ  រថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ទៅវិញតែទីបំផុតម្ចាស់ផ្ទះបានស្លាប់ទាំង៤នាក់ ៕