អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក អែហ្វី ដេហ្រ្វីន (Effie Defrin) បានធ្វើសេចក្តីថ្លែងការណ៍មួយដោយនិយាយថាអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាជាក់លាក់មួយនៅព្រឹកថ្ងៃសុក្រ ទី13 ខែមិថុនានេះ ដោយបានវាយលុកគោលដៅទីតាំងនុយក្លេអ៊ែរជាច្រើនកន្លែងរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីរារាំងទីក្រុងតេអេរ៉ង់ពីការអភិវឌ្ឍអាវុធបរមាណូ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដើម្បីត្រៀមសម្រាប់ការវាយប្រហារសងសឹកដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលអាចកើតមានពីប្រទេសអីរ៉ង់។ គួរបញ្ជាក់ផងដែរថាការវាយប្រហាររបស់អីស្រាអែលនេះកាន់តែបន្ថែមភាពតានតឹងនៅក្នុងតំបន់ដែលកំពុងញាំញីដោយសារសង្រ្គាមដែលកំពុងផ្ទុះឡើងនៅតំបន់ហ្គាហ្សា។