ខេត្តរតនគិរីដណ្តើមមេដាយមាស ៤គ្រឿងច្រើនជាងគេក្នុងចំណោម ៩រាជធានីខេត្តដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ " កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ នៅការប្រកួតនៅអាគារសហភាពសហព័ន្ធយុនជនកម្ពុជា រាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។
ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងលោក បួន លឹមហេង ប្រធានកិត្តិយសសហព័ន្ធ ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង៨ នៅអាគារ ស.ស.យ.ក រាជធានីភ្នំពេញ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានចំនួន ១៤ប្រភេទកីឡាដូចជាកីឡា ក្នុងនោះក៏មានវិញ្ញាសាតេក្វាន់ដូ ITF មួយផងដែរ។ សម្រាប់ឆ្នាំនេះ ITF មកពី ៩រាជធានី ខេត្ត រួមមាន ៖ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តរតនគីរី ខេត្តកោះកុង និងរាជធានីភ្នំពេញ ដែលមានប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ១២៤នាក់ ក្នុងនោះ គ្រូបង្វឹកចំនួន ១៨នាក់ កីឡាករចំនួន ៥៥នាក់ និងកីឡាការិនីចំនួន ៥១នាក់ បើគិតជាភាគរយសម្រាប់ការប្រកួតជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ នេះមានការកើនឡើងសម្រាប់កីឡាការិនីគឺកើនឡើងចំនួន ៩២.៧៣ភាគរយឯណោះ។
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានសរសើរ និវាយតម្លៃខ្ពស់ចំពោះកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ថ្វីបើមិនមែនជាអ្នកអាជីពក៏ដោយ។ ឯកឧត្តមមានប្រសាសន៍ថា ការប្រកួតនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដុសខាត់ និងអភិវឌ្ឍសមត្ថភាពក៍ដូចជាការផ្តល់ដល់កីឡាករ កីឡាការិនីជាសិស្សសាលាមានឱកាសក្នុងបញ្ចេញសមត្ថភាពរបស់ខ្លួនដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ដើម្បីប្រជែងដណ្តើមមេដាយជូនរាជធានី ខេត្តរបស់ខ្លួន និងជាឱកាសជ្រើសរើសនូវកីឡាករ កីឡាការិនី ដែមានបច្ចេកទេសខ្ពស់ មានទេពកោសល្យ និងមានសមត្ថភាព មានស្មារតីអង្គអាចក្លាហានអាចទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅចុងខែមិថុនានេះ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ សម្រាប់ចំណាត់ថ្នាក់កំពូលតារាងទាំង៣ រួមមាន៖
ចំណាត់ថ្នាក់លេខ១ ខេត្តរតនគិរីដណ្តើមមេដាយមាស ៤គ្រឿង
ចំណាត់ថ្នាក់លេខ២ ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង
និងចំណាត់ថ្នាក់លេខ៣ គឺខេត្តស្ទឹងត្រែង ដែលដណ្តើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធចំនួន ៤គ្រឿង ៕