តូចតែខ្លឹម កុមារីវ័យត្រឹមតែ ៨ ឆ្នាំ ប៉ុណ្ណោះ ដែលជាកូនកាត់ខ្មែរបារាំង ប្អូនស្រី វ៉ាណេសា ហាមេឡេត (Vanessa Hamelet) ដែលបានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតនៅក្នុងកម្មវិធី វ៉ឺលដ៍ ឌ្យូណៀរ៍ ធួរីហ្សឹម អ៊ែមប៊ែសសឹដឺរ៍ ធ្វិនធីធ្វិនធីហ្វាយ (World Junior Tourism Ambassador 2025) នៅប្រទេសម៉ាឡេស៊ី បានយកឈ្នះបវរកញ្ញាវ័យក្មេងជាច្រើនរូបទៀត ដោយក្តោបបានមកុដធំជាម្ចាស់ជ័យលាភីលេខមួយតែម្តង ដែលកម្មវិធីទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះទេ គឺថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។
គ្រាប់ពេជ្ររបស់កម្ពុជា រូបនេះ មិនត្រឹមតែមានសមត្ថភាពដ៏ពូកែនោះទេ ប៉ុន្តែនាងតូច ថែមទាំងមានភាពក្លាហាន ទេពកោសល្យដ៏អស្ចារ្យ គួបផ្សំនឹងចំណេះដឹងទូលំទូលាយ ដោយអាចប្រើប្រាស់បានទាំងភាសាអង់គ្លេស ភាសាបារាំង និងភាសាខ្មែរដែលជាភាសាកំណើត។ នៅក្នុងការប្រកួត ប្អូនស្រីត្រៀមខ្លួនបានយ៉ាងល្អឥតខ្ចោះនៅលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ប្អូនស្រី Vanessa ថែមទាំងបានផ្សព្វផ្សាយរមណីយដ្ឋាន និងតំបន់ទេសចរណ៍ នៅក្នុងខេត្តកំពត នៅលើឆាកប្រកួតសម្រស់បវរកញ្ញាឯកវ័យក្មេងនេះថែមទៀតផង។
ការទៅប្រកួតនេះ គឺជាក្តីស្រមៃដ៏ធំមួយរបស់ប្អូនស្រី និងបានជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារ និង អ្នកគាំទ្ររបស់នាងផងដែរ។
គួរឱ្យដឹងថា កុមារី Vanessa Hamelet គឺជាសិស្ស និងទទួលបានការបង្ហាត់បង្ហាញពីលោកម៉ាធូ តាន់ ដែលជាស្ថាបនិក និងជាគ្រូបណ្តុះបណ្តាលទៅកាន់យុវជនយុវតីខ្មែរជំនាន់ក្រោយដែលមានក្តីស្រមៃចង់ដើរលើវិស័យម៉ូត និងសម្រស់ នៅសាលាបង្ហាញម៉ូត ឌឹ រ៉ែម អឹឃែដឹមី (The Ramp Academy) ៕