លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា រាល់ទំនិញដែលនាំចូលពីសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិកូ នឹងប្រឈមមុខនឹងអត្រាពន្ធ 30% ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែសីហាខាងមុខ។ លិខិតពន្ធ ដែលបញ្ជូនទៅកាន់សហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិកូ កាលពីថ្ងៃទី 12 ខែកក្កដា បានបញ្ជាក់ពីហេតុផលនៃការសម្រេចយកពន្ធក្នុងអត្រាដ៏ខ្ពស់នេះ ដោយលើកឡើងអំពី ឱនភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងការដាក់សម្ពាធលើប្រទេសម៉ិកស៊ិកូ ឲ្យបញ្ឈប់លំហូរនៃសារធាតុ ហ្វេនតានីល មកក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ ក៏បានចេញសេចក្តីប្រកាសពន្ធថ្មីសម្រាប់ប្រទេសមួយចំនួន រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងប្រេស៊ីល ព្រមទាំងអត្រាពន្ធរហូតដល់ទៅ 50% លើទង់ដែងផងដែរ។