ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៥ នាមុខសួនច្បារវត្តបទុមវតី។ 

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនៅតែបន្តយុទ្ធនាការរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់របស់ស្ត្រី។ ឯកឧត្ដមលើកឡើងថា យុទ្ធនាការ២លើកកន្លងមក ពោលឆ្នាំ២០២៣ និង២០២៤ មានស្ត្រី និងមហាជនកាន់តែច្រើនបានជ្រួតជ្រាប ពីបញ្ហាជំងឺមហារីកសុដន់។ ជាក់ស្ដែងក្នុងថ្ងៃប្រកួតម្ដងៗ មានស្ត្រីជាច្រើនបានចូលរួមពិនិត្យរកជំងឺនេះនៅទីតាំងដែលត្រូវបានរៀបចំ។ 

ដោយសារតែបែបនេះហើយ សម្រាប់ឆ្នាំ២០២៥នេះ មុនថ្ងៃប្រកួតចំនួន៣ថ្ងៃ គណៈកម្មការនឹងមានរៀបចំជាស្តង់ផ្ដល់ការពិនិត្យដោយឥតគិតថ្លៃ ដូច្នេះស្ត្រីទូទាំងប្រទេសអាចចូលរួមបាន។ គោលបំណងសំខាន់មួយទៀតនៃព្រឹត្តិការណ៍ AIA Pink Run នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា ក៏ជាយុទ្ធនាការគាំទ្រដល់អង្គការសប្បុរសធម៌នានា។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា គិតមកទល់ថ្ងៃសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា នេះមានអ្នកចុះឈ្មោះចូលរួមជិត១៣០០នាក់ហើយលើវិញ្ញាសា គឺ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ ខណៈអ្នកចូលរួមសរុបឆ្នាំ២០២៤ មានជិត៤០០០នាក់។ សម្រាប់ឆ្នាំ២០២៥ គណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមចំនួន៥០០០នាក់។ 

អ្នកស្រី ចាណេ តៃ អគ្គនាយិការក្រុមហ៊ុន AIA Cambodia ថ្លែងថា ព្រឹត្តិការណ៍ AIA Pink Run បានចូលរួមពង្រីកការយល់ដឹងយ៉ាងច្រើនដល់ស្ត្រី ក៏ដូចជាទប់ស្កាត់ជំងឺមហារីកសុដន់។ ទន្ទឹមនឹងនេះ ការចាប់ដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញបានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្ដម វ៉ាត់ ចំរើន បានអំពាវនាវដល់ទាំងស្ត្រី និងមហាជនចូលរួមឱ្យបានច្រើនក្នុងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីស្ទួយសុខភាពសាធារណៈជៀសវាងពីជំងឺដង្កាត់នានា៕