ជុំវិញរឿងរ៉ាវដែលកំពុងផ្ទុះពេញបណ្តាញសង្គម ក្រោយពេល អ្នកនាង យក់ ឋិតរដ្ឋា បានឡើងកម្មវិធីកម្សាន្តអនឡាញមួយ និងបានរៀបរាប់រឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងតារាចម្រៀងជំនាន់ក្រោយមិនផ្តល់តម្លៃដល់ខ្លួនក្នុងនាមជារៀមច្បង នៅតែជាប្រធានបទនិយាយមិនដាច់ពីមហាជននៅឡើយទេ។

ទន្ទឹមនឹងរឿងដ៏ក្តៅគគុកនេះ ពួកគេដែលជាអ្នកគាំទ្រក៏បានទាញ អ្នកនាង ពេជ្រ សូលីកា គឺជាសិស្សប្អូនដែលមិនគោរពដល់រាមច្បងខាងលើ រហូតធ្វើឱ្យអ្នកនាងមានសម្ពាធ និងបានផ្អាកការងារទាំងស្រុងរហូតដល់ទៅមួយខែឯណោះ។

យ៉ាងណាមិញ ក្រោយពេលមានអ្នកទាញតារាចម្រៀងស្រីវ័យក្មេងរូបនេះ ចូលទៅក្នុងសាច់រឿងខាងលើ បានធ្វើឱ្យ ពេជ្រ សូលីកា បង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា៖ ជាដំបូង នាងខ្ញុំ សូមគោរព និង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើអោយបណ្ដាញសង្គម មានភាពវឹកវរ ដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះនាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើអោយអ្នកដទៃមើលមកខ្ញុំជាបុគ្គលដែលស្អាតស្អំ តែវាមិនបានធ្វើអោយខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ “ពេលវេលា” អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់អោយខ្ញុំយល់ច្បាស់នឹងមិនស្ដាយក្រោយនាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធអោយមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះបើពិតជាមានភាគបញ្ចប់មែនមិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តចាក់បញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក និង ក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលអោយខ្ញុំស្ងប់សុខសេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ  មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំអោយខ្លួនឯងប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវអោយរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង”៕