កណ្ដាល៖
នៅព្រឹកថ្ងៃចន្ទ ទី0៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្ត កណ្តាល។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្ស រីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនជនរួមជាតិ ទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវនីយ៍(ព្រះ-សាក់-វាក់-នី) ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹកពីព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែល ជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង និង សូម ជូនពរប្រជាពលរដ្ឋរទាំងអស់មានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជួបតែសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសើរចំពោះសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល ក៏ដូចជាសាខាទាំង២៥រាជធានី-ខេត្ត ដែលបានជួយសម្រាលបន្ទុក របស់ថ្នាក់កណ្តាល ក្នុងការចុះជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ ឬវិបត្តិនានា បានទាន់ពេលវេលានៅគ្រប់ ទីកន្លែង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានគូសបញ្ជាក់ថា ទោះបីជាសកម្មភាពរបស់កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែងក៏ដោយ ក៏នៅតែមានការខ្វះខាតមួយចំនួន ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវពាវដល់គ្រប់សាខាទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តស្រាវជ្រាវស្វែងរកអ្នកដែលខ្វះខាតបំផុតដើម្បីជួយ សម្រាលការលំបាកជូនពួកគាត់។
ទន្ទឹមនិងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានឯកជន ដែល បង្ហោះពីភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាញព័ត៌មានសង្គមនានា សូម បញ្ជាក់ពីអាសយដ្ឋានឱ្យបានច្បាស់លាស់ ថា តើស្ថិតនៅស្រុកណា? ខេត្តណា? ដើម្បីងាយស្រួលដល់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរចុះទៅជួយដល់ពួកគាត់។ ទន្ទឹមនឹងនេះ ត្រូវអប់រំណែនាំកូនក្មួយ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីទប់ស្កាត់បញ្ហា ក្មេងទំនើង និងអំពើហិង្សានានានៅតាមភូមិឃុំរបស់យើងផងដែរ។
ដោយឡែក ចំពោះបញ្ហាមេរោគអេដស៍វិញ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីទៀត ហើយចំពោះអ្នកផ្ទុកមេរោគ អេដស៍ សូមបន្តលេបថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ហើយជាពិសេសសូមកុំបន្តទៅចម្លងដល់អ្នកដទៃទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ពីជំងឺមហារីក ដែលជាបញ្ហាប្រឈមនាពេល បច្ចុប្បន្នដែលធ្វើឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ ហេតុដូចនេះ សូមប្រជាពលរដ្ឋជៀសវាង ការបរិភោគអាហារដែលប៉ះពាល់សុខភាព អាហារមានជាតិគីមី អាហារគ្មានសុវត្ថិភាព ជាដើម៕