លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យ ទី14 ខែកក្កដាថា លោកនឹងបញ្ជូនកាំជ្រួចមីស៊ីលការពារដែនអាកាស ផេត្រៀត (Patriot) ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីការពារពីការបន្តឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់ច្បាស់លាស់អំពីចំនួនពិតប្រាកដនៃការបញ្ជូនកាំជ្រួចមីស៊ីល ផេត្រៀត នេះទេ ប៉ុន្តែបាននិយាយថា ការចំណាយលើកាំជ្រួចមីស៊ីលទាំងនេះ នឹងត្រូវសងមកវិញដោយសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា កន្លងមក លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានស្នើសុំឲ្យមានការផ្គត់ផ្គង់សមត្ថភាពការពារដែនអាកាសបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។