ថ្លែងក្នុងពិធីប្រគល់តួនាទីភារកិច្ចក្នុងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិទៅជូន ឯកឧត្តម ខូវ ឆាយ ជា អគ្គលេខាធិការស្ដីទីសហព័ន្ធ កាលពីរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ ដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ មានប្រសាសន៍ថា ទាំងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឬសហព័ន្ធគុនខ្មែរជាតិ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ត្រូវមានឯកភាពផ្ទៃក្នុងតែមួយ ដើម្បីធានានូវការដឹកនាំ និងគ្រប់គ្រងគុនខ្មែរលើពិភពលោក ប្រកបដោយភាពរឹងមាំ និងការអភិវឌ្ឍ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា នេះគឺជាការធ្វើកំណែទម្រង់ដ៏ធំប្រចាំឆ្នាំ ដើម្បីសម្រួលដល់យន្ដការងារផ្ទៃក្នុង ក៏ដូចជាការពួតដៃគ្នា ធ្វើការពង្រឹងសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរឡើងវិញ រវាងសហព័ន្ធគុនខ្មែរអន្ដរជាតិ និងសហព័ន្ធគុនខ្មែរជាតិ ពិសេសក្រោមយុទ្ធសាស្ដ្រឈ្នះឈ្នះ ដែលត្រូវមានសម្លេងតែមួយ ដើម្បីដឹកនាំគ្រប់គ្រងគុនខ្មែរលើពិភពលោក ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ.  ពង្រឹងសមត្ថភាពស្ថាប័ន និងអង្គភាពនីមួយៗ ប្រកបដោយសុខដុមនីយកម្មការងារ។

សូមរំឮកថា សហព័ន្ធគុនខ្មែរអន្ដរជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណង “អភិរក្សដើម្បីអភិវឌ្ឍន៍គុនខ្មែរ” និង“អភិវឌ្ឍន៍ដើម្បីអភិរក្សគុនខ្មែរ” ដែលជាប្រភេទយុទ្ធគុនអត្តសញ្ញាណជាតិខ្មែរ។

ឆ្លងកាត់រយៈពេល ៣ អាណត្តិកន្លងមក សហព័ន្ធគុនខ្មែរអន្ដរជាតិ បានពង្រីកសមាជិកលើពិភពលោកបានប្រមាណ ៦៥ប្រទេស ហើយបច្ចុប្បន្នថ្នាក់ដឹកនាំសហព័ន្ធ បាននឹងកំពុងជំរុញ និងកៀគរបណ្ដាប្រទេសផ្សេងៗ លើពិភពលោក ក្នុងការចូលរួមជាសមាជិកបន្ថែម ពិសេសការសម្រេចគោលដៅឲ្យបានលើសពី ៧៥ប្រទេស ដើម្បីកម្ពុជាមានលទ្ធភាពស្នើបញ្ចូលគុនខ្មែរទៅក្នុងការប្រកួតកម្រិតអូឡាំពិកនាថ្ងៃអនាគត៕