ឯកឧត្តម អ៊ូ រតនា ដែលជាប្រធានសហព័ន្ធកីឡាវ៉ូវីណាម អាណត្តិទី៤ (២០២១-២០ ២៥)ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិទី៥ (២០២៥-២០២៩)។

ការបោះឆ្នោតគាំទ្រនេះ បានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្ដអាណត្ដិថ្មី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ដែលគាំទ្រដោយសមាជិកគណៈកម្មាធិការប្រតិបត្តិ១០០%នោះ ឯកឧត្តម អ៊ូ រតនា បានថ្លែងលើកឡើងថា សម្រាប់អាណត្តិទី៥ដែលជាអាណត្តិថ្មីនេះ យើងនឹងប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាឱ្យការដឹកនាំទទួលបានជោគជ័យកាន់តែខ្លាំងជាងអាណត្តិទី៤បន្ថែមទៀត។ ដោយក្នុងអាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ក្នុងនោះមានដូចជា៖ ១.ការអភិវឌ្ឍនិងពង្រឹងបច្ចេកទេសបន្ថែមទៅដល់កីឡាករកីឡាការិនីជម្រើសជាតិ .២.ខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីចៅក្រមអាជ្ញាកណ្តាលបន្ថែមដើម្បីឆ្លើយតបនិងកម្រិតអន្តរជាតិ.៣.ជំរុញឱ្យមានការប្រកួតកាន់តែច្រើននៅក្នុងស្រុក និងជំរុញឱ្យអត្តពលិកជម្រើសជាតិបានចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនជួយឱ្យអត្តពលិកកាន់តែមានសក្តានុពលនិងបទពិសោធន៍ ពិសេស និងមានការកៀគរសមាជិកចូលរួមឱ្យមានចំនួនកាន់តែច្រើន ដើម្បីឱ្យសហព័ន្ធមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសម្តែងនូវការអបអរសាទរចំពោះការជាប់ជាប្រធានសហព័ន្ធដឹកនាំបន្តអាណត្តិថ្មីរបស់ឯកឧត្តម អ៊ូ រតនា ហើយ ឯកឧត្តម ក៏បានកោតសសើរចំពោះសមិទ្ធផលទទួលជោគជ័យជាច្រើនកាលពីអាណត្តិទី៤ដែលជាអាណត្តិចាស់ គឺសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមានសក្ខីកាមបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូរតនា ជាប្រធាន បានដឹកនាំធ្វើឱ្យសហព័ន្ធកីឡាវ៉ូវីណាមមានវឌ្ឍនភាព និងស្ថិតនៅក្នុងសហព័ន្ធកីឡាមួយដែលមានសក្កានុពលរបស់កម្ពុជាដែលបញ្ជាក់អំពីភាពរឹងមាំក្នុងបច្ចេកទេស ទាំងកម្រិតក្នុងតំបន់ និងកម្រិតពិភពលោក។អ៊ីចឹងយើងត្រូវរក្សាសក្កានុពលទាំងអស់នេះ ដើម្បីបន្តបេសកម្មជោគជ័យសម្រាប់អាណត្តិទី៥ ដែលជាអាណត្តិថ្មីបន្តទៀត។

 ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាកីឡាបានបន្ថែមទៀតថា បើទោះបីចាប់ពីឆ្នាំ២០២៥នេះ យើងបានបាត់បង់ឱកាសធំៗដោយគេមិនដាក់ប្រភេទកីឡាវ៉ូវីណាមចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូចជាលើកទី៣៣ នៅប្រទេសថៃ .ស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣៥ ឆ្នាំ២០២៩នៅប្រទេសសឹង្ហបុរី ក៏ដោយ។ ប៉ុន្តែក្នុងនាមយើងជាសហព័ន្ធមានសក្កានុពលយើងត្រូវបន្តសតិនិយមបន្តខិតខំពង្រឹងរហូត ព្រោះយើងនៅមានឱកាសជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត ទាំងកម្រិតតំបន់ និងពិភពលោក ។ ជាពិសេស សហព័ន្ធក៏នៅតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជានិច្ចចំពោះការរៀបចំការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំរបស់ខ្លួន និងធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិតតំបន់និងពិភពលោកផងដែរ។សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ (២០២៥-២៩២៩)គណៈកម្មការប្រតិបត្តិសរុប២៣នាក់ ប្រធានសហព័ន្ធ ឯកឧត្តម អ៊ូ រតនា អមដោយអនុប្រធានចំនួន៩នាក់ .អគ្គលេខាធិការសហព័ន្ធ១នាក់ ឯកឧត្តម លី ចាន់ភក្តី អមដោយអគ្គលេខាធិការរង៥នាក់ .អគ្គហិរញ្ញិក១នាក់ អមដោយអគ្គហិរញ្ញិករង១នាក់ និងសមាជិក៥នាក់៕