ពិតជាស័ក្តិសមជាតារាសំណព្វចិត្តរបស់មហាជនពិតមែន ដោយកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ កំពូលតារាចម្រៀងនិងសម្តែងបួនរូបដែលមានដូចជា ចឺរី យ៉ាន (Jerry Yan), វ៉ាន់នេស វ៉ូ (Vanness Wu), ខិន ជូ (Ken Chu), និង វ៉ិក ចូវ (Vic Chou) ដែលមានឈ្មោះល្បីល្បាញខ្លាំងតាមរយៈខ្សែភាពយន្តភាពភាគរបស់តៃវ៉ាន់ដែលមានចំណងជើងថា ស្នេហាបួនដួង (Meteor Garden) ឬ F4  បានចាក់ផ្សាយក្នុងឆ្នាំ ២០០១ បានមកជួបជុំគ្នាសារជាថ្មីបន្ទាប់ពីបែកអ្នកគាំទ្រអស់រយៈពេលជិត 12 ឆ្នាំកន្លងមកនេះ។ ក្នុងនោះ ពួកគេបានឡើងឆាកប្រគុំតន្ត្រី May Day Concert និងបានច្រៀងបទមួយដែលមានឈ្មោះថា មេធីអរ៍ រ៉េន (Meteor Rain) ដែលជាបទចម្រៀងដ៏ល្បីរន្ទឺនៅក្នុងរឿង F4 នេះផងដែរ។ ជាមួយគ្នានេះ នៅអំឡុងពេលដែលពួកគេកំពុងបកស្រាយបទចម្រៀងខាងលើ ក៏បានធ្វើឱ្យមនុស្សជាច្រើនដែលជាអ្នកគាំទ្ររបស់ខ្លួន រំភើបស្ទើរតែទប់ទឹកភ្នែកមិនបាននោះទេ។

គួរឱ្យដឹងថា បន្ទាប់ពីសាងឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្តនេះរួចមក ពួកគេមួយចំនួនក៏បានបន្តដើរនៅលើអាជីពមួយនេះដដែល។ ដោយឡែក រឿង F4 នេះ ត្រូវបានប្រទេសជាច្រើនទទួលបានសិទ្ធយកទៅផលិតជាបន្តបន្ទាប់ ដូចជា កូរ៉េ, ចិន, អាមេរិក និងឥណ្ឌាជាដើម៕