ដូចដែលអ្នកគាំទ្រវិស័យ K-Pop បានដឹងរួចមកហើយ កាលពីប៉ុន្មានខែមុននេះ ទីភ្នាក់ងារផលិតកម្មរបស់ G-Dragon ធ្លាប់បានចេញមកប្រកាសថា តារាប្រុសដែលស្ថិតនៅក្នុងក្រុម BigBang រូបនេះ នឹងមានTour Concert ទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក ដែលការប្រគុំតន្ត្រីនោះមានឈ្មោះថា ជីដ្រាហ្គន ថ្វិនធីថ្វិនធីហ្វាយ វ៉ឺលដ៍ថួរ៍ អ៊ូបឺរ៍ម៉េន “G-DRAGON 2025 WORLD TOUR [Übermensch]”។ 

ដោយឡែកកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ ថ្មីៗនេះ ការប្រគុំតន្ត្រីខាងលើក៏បានធ្វើដំណើរមកដល់ ទីក្រុង  មែលប៊ើន “Melbourne” ប្រទេសអូស្ត្រាលីហើយ។

ជាមួយនឹងការប្រគុំតន្ត្រីដ៏រំភើបរីករាយនេះ ស្រាប់តែកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា គឺ អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានវត្តមានចូលរួមផងដែរ។ 

យ៉ាងណាមិញ បើយោងតាមការបង្ហោះរូបភាពរបស់គណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokun Tana ដែលត្រូវបានគេដឹងថាជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំភើប និងសមបំណង ដែលបានចូលរួមទស្សនាការប្រគុំតន្ត្រី Idol របស់ខ្លួនដូចនេះ។

គួរឱ្យដឹងដែរថា រូបភាពរបស់អ្នកនាង ឱក សុគន្ធកញ្ញា និងប្អូនស្រីរបស់ខ្លួន ដែលបានចូលរួមការប្រគុំតន្ត្រីរបស់ G-Dragon នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមនៅកម្ពុជា ធ្វើការចែកចាយយ៉ាងច្រើនជាហូរហែផងដែរ៕