យោងតាមការរាយការណ៍របស់ TV Line បានឱ្យដឹងកាលពីថ្ងៃ ចន្ទ ទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅថា HBO បានប្រកាសជាផ្លូវការថាការថតខ្សែភាពយន្តរឿង ហ៊ែរីផត់ថឹរ៍ (Harry Potter) ថ្មីនឹងចាប់ផ្តើមនៅ វ៉ណឹរ៍ ប្រស់ ស្ទូឌិអូ លីវស៍ដិន (Warner Bros. Studios Leavesden) ក្នុងចក្រភពអង់គ្លេសដែលត្រៀមនឹងចាក់បញ្ចាំងជាលើកដំបូងនៅឆ្នាំ ២០២៧ ។ សម្រាប់រដូវកាលថ្មីនេះ HBO បានជ្រើសរើស ឌូមីនិក ម៉ែកឡាហ្វលីន (Dominic McLaughlin) ដើរតួជា ហ៊ែរីផត់ថឹរ៍ (Harry Potter), អារ៉ាប៊ែលឡា ស្តែនតុន (Arabella Stanton) ដើរតួជា ហឺមៀន ហ្គ្រេនជឺ (Hermione Granger) ហើយ អាឡាស់ស្ទៀ ស្តោត (Alastair Stout) ដើរតួជា រ៉ន់ វ៉េសឡេ (Ron Weasley)។ ក្រៅពីនេះ ក៏មានតួអង្គសំខាន់ៗជាច្រើនរូបទៀតផងដែរ។

សម្រាប់ស៊េរីរឿង ហ៊ែរីផត់ថឹរ៍ (Harry Potter) នេះនឹងត្រូវផ្អែកលើប្រលោមលោកដើមរបស់ ជេ ខេ រ៉ូលីង (J.K. Rowling)។ 

ដោយឡែកបើតាមការបញ្ជាក់របស់ លោក ខេស៊ី ប្ល៊យស៍ (Casey Bloys) ប្រធាន និងនាយកប្រតិបត្តិរបស់ HBO បានឱ្យដឹងថា រឿង ហ៊ែរីផត់ថឹរ៍ (Harry Potter) អាចនឹងធ្វើការថតរដូវកាលទី ១ និងទី ២ ជាប់ៗគ្នាតែម្តង ព្រោះដើម្បីបញ្ចៀសគម្លាតអាយុ និងការរីកលូតលាស់របស់តួអង្គកុមារ ដែលបានថតនៅក្នុងខ្សែភាពយន្តនេះ៕