ភ្នំពេញ៖

បុរសជនជាតិចិនម្នាក់ បានបើករថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX-300 បុកម៉ូតូ១ គ្រឿង រួចកិនអូសជិត៥០ម៉ូត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូខាងលើ ប្ដីស្លាប់ និងប្រពន្ធរងរបួសបាក់ភ្លៅ ចំណែកជនជាតិចិនដែលជាអ្នកបើករថយន្តរូបនោះ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



សមត្ថកិច្ច បានប្រាប់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ប្ដីឈ្មោះប៉េង បូរី ហៅ រាជ អាយុ២៩ឆ្នាំ មុខរបរអាចារ្យវត្ត និងប្រពន្ធឈ្មោះលួន សេរីរ័ត្ន ហៅ ស្រីមុំ អាយុ២៩ឆ្នាំ  មុខរបរកសិករ មានទីលំនៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែករថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ តាកែវ2C-6968 បើកបរ ដោយឈ្មោះXU QINLEI ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E83371642(នគរបាលឃាត់ខ្លួន)។

សមត្ថកិច្ច បានប្រាប់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះ បានត្រឡប់មកពីធ្វើប្លង់ដីនៅឯភ្នំប្រសិទ្ធ ទៅផ្ទះនៅឯខេត្តតាកែវ វិញ ដោយបានជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-1836 ។ ពួកគាត់ឌុបគ្នាធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយ ពេលទៅដល់ត្រង់ចំណុចកើតហេតុ បានគេចម៉ូតូដឹកបន្លែនៅខាងមុខ។ ស្របពេលនោះរថយន្តឡិចស៊ីសRX300 បើកបរស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង និងកិនអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យប្ដីស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកប្រពន្ធរបួសធ្ងន់ បាក់ភ្លៅ ។

ប្រភពដដែល បានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធដែលរងរបួសបាក់ភ្លៅនោះ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ដឹកយកកាន់មន្ទីរពេទ្យព្រះកុសុមៈ ហើយ សាកសពប្ដី ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ 

ចំណែកនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការឃាត់ខ្លួនបុរសជនជាតិចិនដែលជាអ្នកបើករថយន្តបង្កនោះនាំទៅសាកសួរ រួចរាយការណ៍ទៅនគរបាលករិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅវាស់វែង និងនាំយករថយន្ត និង ម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕