មហាសន្និបាតអង្គការសហប្រជាជាតិ ទទួលបានការបោះឆ្នោតយ៉ាងលើសលប់ ដើម្បីអនុម័តសេចក្តីប្រកាសពី "សកម្មភាពជាក់ស្តែង ការកំណត់ពេលវេលា និងជំហានឆ្ពោះទៅមុខ" ទៅរកដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ សេចក្តីប្រកាសដែលមាន 7 ទំព័រ គឺជាលទ្ធផលនៃសន្និសីទនៅអង្គការសហប្រជាជាតិ ដែលរៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត និងបារាំង ស្តីពីជម្លោះដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលដំណោះស្រាយដែលអនុម័តសេចក្តីប្រកាសនេះ ទទួលបានសម្លេងគាំទ្រ 142 សម្លេង និងសម្លេងប្រឆាំង 10 សម្លេង និង 12 សម្លេងអនុបវាទ។ ការបោះឆ្នោតទទួលស្គាល់រដ្ឋប៉ាឡេស្ទីននេះ ក៏ធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោកនៅថ្ងៃទី 22 ខែកញ្ញាខាងមុខ ដែលចក្រភពអង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងបែលហ្ស៊ិក នឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា "នឹងមិនមានរដ្ឋប៉ាឡេស្ទីនជាដាច់ខាត" ខណៈដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់ផ្លូវល្បឿនលឿននៅក្នុងតំបន់ E1 នៃតំបន់ វែស ប៊េង ដែលខ្លួនកាន់កាប់ ជាគម្រោងដែលសហគមន៍អន្តរជាតិបានព្រមានជាយូរមកហើយថា អាចនឹងបំផ្លាញការរំពឹងទុកសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយគម្រោងនេះ នឹងបែងចែកតំបន់ វែស ប៊េង ជាពីរ និងកាត់ផ្តាច់តំបន់ប៉ាឡេស្ទីនខាងកើតក្រុងយ៉េរូសាឡឹម បេថ្លេហិម និងរ៉ាម៉ាឡា ពីគ្នា។