មហាជនអ្នកគាំទ្រប្រាកដជាបានស្គាល់ច្បាស់ស្រាប់ទៅហើយ ទៅលើតារាចម្រៀងវ័យក្មេងដែលអាចច្រៀងបែបមរតកដើមបានយ៉ាងពីរោះរណ្តំ សុវត្តិឌី ធារិកា ដែលដុះពន្លកចេញពីកម្មវិធីប្រកួតប្រជែងសមត្ថភាពលើផ្នែកសំនៀង Cambodian Idol រដូវកាលទី១។ ក្រោយបញ្ចប់ការប្រកួតពីកម្មវិធីនេះ ធារិកា បានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មក្នុងស្រុកដ៏ល្បីមួយ គឺផលិតកម្មថោន។ ក្នុងនោះ តារាចម្រៀងរូបនេះ បានផ្ញើបទចម្រៀងជាច្រើនគ្រប់ទម្រង់ សម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ ដ្បិតថាកំពុងកសាងកេរ្តិ៍ឈ្មោះនៅក្នុងឧស្សាហកម្មតន្ត្រីក្តី ប៉ុន្តែ ធារិកា បានលាភាពនៅលីវ ដោយបានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ជាមួយលោក ពូ សូផានិត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ យ៉ាងណាមិញក្រោយប្រើជីវិតគូជាមួយស្វាមីអស់រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ធារិកា តែងតែទទួលបានក្តីស្រឡាញ់ពីស្វាមី មិនដែលលេចលឺរឿងអាស្រូវនៅក្នុងគ្រួសារ និងថែមទាំងជាគូស្នេហ៍គំរូនៅក្នុងវិស័យសិល្បៈថែមទៀតផង។ ដោយឡែក កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះ បានបង្ហោះសំណេរយ៉ាងមានអត្ថន័យនៅលើបណ្តាញសង្គម បង្ហាញពីការថ្លែងអំណរគុណ ទៅកាន់មហាជនអ្នកគាំទ្រ ដែលបានផ្តល់កម្លាំងចិត្ត និងពាក្យជូនពរល្អៗ ស្របពេលដែល ធារិកា ត្រៀមនឹងសម្រាលកូន ដែលជាចំណងដៃដំបូងសម្រាប់អាពាហ៍ពិពាហ៍ ឆាប់ៗខាងមុខនេះ។

តាមរយៈការបង្ហោះនេះ សុវត្តិឌី ធារិកា រៀបរាប់យ៉ាងដូច្នេះថា៖ “សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានខមមិនជូនពរនាងខ្ញុំ និង Baby សូមថ្លែងអំណរគុណជាអនេក។ នាងខ្ញុំជិតគ្រប់ខែហើយ ពេលនេះនាងខ្ញុំមានគីឡូ ៥០ គីឡូគត់”។

គួរឱ្យដឹងបន្ថែមថា កាដូជីវិតដ៏មានតម្លៃសម្រាប់ចំណងដៃអាពាហ៍ពិពាហ៍របស់តារាចម្រៀង សុវត្ថិឌី ធារិកា និង ពូ សូផានិត គឺទទួលបានកូនប្រុស ជាទាយាទបន្តវង្សត្រកូល៕