បើនិយាយពី យ៉ាងគួរ និង សៀវ ឡុងនី តួឯកប្រុសស្រីនៅក្នុងរឿង “ដឹ ខន់ដឺ ហេរ៉ូស៍” (The Condor Heroes) ច្បាស់ណាស់ថា មានអ្នកទស្សនាជាច្រើននៅចាំរឿងមួយនេះបាននៅឡើយទេ ក៏ព្រោះតែខ្សែភាពយន្តភាគបុរាណចិនមួយនេះទទួលបានការពេញនិយមជាខ្លាំង និងមានការថតសារឡើងវិញជាច្រើនលើកច្រើនសារផងដែរ។
យ៉ាងណាមិញ អ្នកស្រី “ខាមែន លី” (Carman Lee) ដែលបានសម្តែងជាតួឯកស្រី សៀវ ឡុងនី ឆ្នាំ ១៩៩៥ បានធ្វើអ្នកមហាជនមានការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតជាមួយសម្រស់ដ៏ស្រស់ស្អាតមិនចាស់ទ្រុតទ្រោមនោះឡើយ នៅក្នុងវ័យ ៥៩ ឆ្នាំនេះ។ នេះក៏អាចបញ្ជាក់ឱ្យអ្នកតាមដានរបស់ខ្លួនបានឃើញយ៉ាងច្បាស់ថា ការដែលមានសម្រស់នៅតែស្រស់ស្អាតបែបនេះ គឺកើតចេញពីសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយវាមិនអាស្រ័យទៅលើសេចក្តីសុខដែលជាស្នេហានោះទេ។
បើនិយាយពីប្រវត្តិស្នេហារបស់អ្នកស្រី “ខាមែន លី” (Carman Lee) គឺអ្នកស្រីមិនទទួលបានក្តីស្រឡាញ់ដ៏កក់ក្តៅដូចនៅក្នុងរឿងប្រឡោមលោកឡើយ។ “ខាមែន លី” (Carman Lee) ធ្លាប់បានស្រឡាញ់គ្នាជាមួយអ្នកជំនួញម្នាក់អស់ជាច្រើនទសវត្សរ៍មកហើយ រហូតដល់ថ្នាក់តារាសម្តែងស្រីរូបនេះហ៊ានបោះបង់អាជីពជាតារាសម្តែងរបស់ខ្លួន ដែលកំពុងទទួលបានភាពល្បីល្បាញនៅទូទាំងពិភពលោកនាពេលនោះ។ ទោះបីជាមានការលះបង់យ៉ាងនេះក្តី ក៏ទំនាក់ទំនងស្នេហាមួយនេះបានបញ្ចប់ទៅដោយការឈឺចាប់បំផុត រហូត “ខាមែន លី” (Carman Lee) ធ្លាប់គិតថានឹងមិនវិលចូលវិស័យសិល្បៈជារៀងរហូតផងដែរ។ ដោយឡែកបន្ទាប់ពីបានជាសះស្បើយពីស្នាមដំបៅនៃជំងឺស្នេហា “ខាមែន លី” (Carman Lee) ក៏បានចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀត ដោយអ្នកស្រីបានងាកមកចាប់អារម្មណ៍លើការថែរក្សាសុខភាពរបស់ខ្លួនឯងវិញ ទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតទទួលបានរហ័សនាមថា “រាជនីសម្រស់”។ មិនតែប៉ុណ្ណោះ “ខាមែន លី” (Carman Lee) ថែមទាំងបានសម្របខ្លួនឱ្យទាន់សម័យឌីជីថល ដោយបានប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការចែករំលែកជីវិតប្រចាំថ្ងៃជាដើម។
គួរឱ្យដឹងថា “ខាមែន លី” (Carman Lee) ដ្បិតថាមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែអ្នកស្រីមិនដែលរៀបការ ឬមានកូន នោះឡើយ។ អ្នកស្រី ជ្រើសរើសការដែលមានសេចក្តីសុខជាមួយនឹងជីវិតតាមបែបផែនរបស់ខ្លួនឯង និងប្រកាន់គោលជំហរយ៉ាងរឹងមាំ ដោយមិនចាប់អារម្មណ៍លើមតិរិះគន់របស់អ្នកដទៃ។ ដោយឃើញពីភាពរឹងមាំ និងការរីកចម្រើនឥតឈប់ឈររបស់តារាសម្តែងស្រីរូបនេះ បានធ្វើឱ្យអ្នកស្រី បានក្លាយទៅជាគំរូ និងកម្លាំងជំរុញចិត្តទៅកាន់មនុស្សជាច្រើនផងដែរ៕
