ត្បូងឃ្មុំ ៖
ដើម្បីលុបបំបាត់ក្មេងទំនើងក្នុងសង្គម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកប្រត្តិប្បត្តការស្រាវជ្រាវនឹងនាំខ្លួនក្មេងទំនើងចំនួន ៥ នាក់ទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
កិច្ចប្រត្តិប្បត្តការនេះ ធ្វើឡើង បន្ទាប់ពីមានបណ្ដាញសង្គមមួយចំនួនធ្វើការបង្ហោះសកម្មភាពក្មេងទំនើង ១ ក្រុម មកពីវត្តបឹណ្ឌទី៧ ជិះម៉ូតូបង្ហោះកង់១ ប្រសេកប្រសាចតាមដងផ្លូវ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ។
លោក ឡាយ ឧត្តម ស្នងការរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់លោកវរៈសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ស្រុកពញាក្រែក និងស្រុកអូររាំងឪ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បាននាំខ្លួនក្រុមក្មេងទំនើងចំនួន ៥ នាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខៀស ពាក់ស្លាក់លេខត្បូងឃ្មុំ ១M-១៩០៨ យកមកស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ហើយក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ក្រុមពួកខ្លួន ពិតជា បានធ្វើសកម្មភាពបង្ហោះម៉ូតូ ពិតមែន ។
ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំក្រុមក្មេងទំនើងខាងលើ និងបានអញ្ជើញអាណាព្យាបាលមកធ្វើលិខិតធានា រួចណែនាំអំពីបញ្ហាក្មេងទំនើង ហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ រីឯម៉ូតូ ត្រូវរក្សាទុកនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេលចំនួន ៣ខែ។ ដោយឡែក បក្ខពួកដែលរត់គេចខ្លួន កម្លាំងជំនាញនគរបាលកំពុងស្វែងរកបន្ត ៕