តារាចម្រៀងលំដាប់ពិភពលោក “ជេកសុន វ៉ាង” (Jackson Wang) សហការជាមួយក្រុមហ៊ុន Apple បញ្ចេញវីដេអូចម្រៀងថ្មីដែលមានចំណងជើងថា “ឡេត លូស” (Let Loose) បន្ទាប់ពីចេញលក់អាល់ប៊ុម “មែជីក មែន ធូ” (MAGICMAN 2) កាលពីពេលកន្លងទៅ។
វីដេអូចម្រៀងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តនៃការបង្កើតថ្មីរបស់តារាចម្រៀងរូបនេះប៉ុណ្ណោះទេ ប៉ុន្តែវីដេអូចម្រៀងនេះត្រូវបានគេដឹងថា ថតចេញពីទូរស័ព្ទដៃឆ្លាតវៃ iPhone 17 Pro ដែលទើបតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍របស់ Apple កាលពីប៉ុន្មានសប្តាហ៍មុននេះ។
វីដេអូចម្រៀងនេះ ត្រូវបានសហការដឹកនាំដោយផ្ទាល់ពី លោក “ជេកសុន វ៉ាង” (Jackson Wang) និងលោក “អូ ជុនខ្វន់”។ នៅក្នុងវីដេអូទាំងមូល បង្ហាញពីចក្ខុវិស័យច្នៃប្រតិដ្ឋឥតឈប់ឈររបស់ “ជេកសុន វ៉ាង” (Jackson Wang) និងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ iPhone 17 Pro ដែលបានបំពាក់មកជាមួយកាមេរ៉ាទាំង Ultra Wide និង Telephoto ទំហំ 48MP និងប្រព័ន្ធពង្រីកអុបទិករហូតដល់ទៅ ៨ ដង ។
“ជេកសុន វ៉ាង” (Jackson Wang) បាននិយាយថា កន្លងមកលោកធ្លាប់ប្រើកំពូលកាមេរ៉ាដើម្បីថតបទចម្រៀងរបស់ខ្លួន ប៉ុន្តែលទ្ធផលទទួលបានខុសពីការរំពឹងទុក។ ដោយឡែក លោកមានការភ្ញាក់ផ្អើលជាខ្លាំងទៅលើទូរស័ព្ទដៃ iPhone បន្ទាប់ពីបានប្រើសម្រាប់ការថតវីដេអូចម្រៀងមួយនេះ។ លោកបន្តថា ការពង្រីកបង្រួមរូបភាព មិនថាលឿនឬយឺត ជិតឬឆ្ងាយ សុទ្ធតែមានគោលដៅឆ្លុះបញ្ចាំងពីអារម្មណ៍ និងរឿងរ៉ាវតាមរយៈរូបភាព ទាំងល្បឿន និងភាពច្បាស់គណនាបានយ៉ាងត្រឹមត្រូវ។
គួរឱ្យដឹងដែរថា វីដេអូចម្រៀង “ឡេត លូស” (Let Loose) ត្រូវបានផលិតឡើងបន្ទាប់ពីអាល់ប៊ុម “មែជីក មែន ធូ” (MAGICMAN 2) ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ដោយបានបង្ហាញខ្លួននៅលេខរៀងទី ១៣ នៅលើតារាង “ប៊ីលបដ ធូហាន់ដ្រឹត” (Billboard 200) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានក្នុងនាមជាសិល្បករទោលចិន។ ជាមួយគ្នានេះ “ជេកសុន វ៉ាង” (Jackson Wang) ក៏បានប្រកាសពីការប្រគុំតន្ត្រីទេសចរណ៍របស់គេ ដែលមានឈ្មោះថា “មែជីក មែន ធូ វ៉ឺលដ៍ ថួរ៍” (MAGICMAN 2 WORLD TOUR) ឆាប់ៗខាងមុខនេះផងដែរ៕