នាយកប្រតិបត្តិក្រុមហ៊ុន ថែស ឡា លោក អីឡុន ម៉ាស បានក្លាយជាកំពូលមហាសេដ្ឋីដំបូងគេបង្អស់មិនធ្លាប់មាន ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ 500 ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការស្ទុះងើបឡើងវិញនៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក និងការកើនឡើងតម្លៃនៃអាជីវកម្មបច្ចេកវិទ្យាផ្សេងទៀតក្នុងឆ្នាំនេះ។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួន 500.1 ពាន់លានដុល្លារ ដែលធ្វើឲ្យលោក ក្លាយជាកំពូលមហាសេដ្ឋីទីមួយនៅក្នុងពិភពលោក។ ទ្រព្យសម្បត្តិរបស់លោក ម៉ាស គឺទទួលបានធំបំផុតពីក្រុមហ៊ុន ថែស ឡា  ជាក្រុមហ៊ុនដែលលោកមានភាគហ៊ុនប្រមាណ 12.4% ខណៈដែលភាគហ៊ុននេះ បានកើនឡើងលើសពី 14% កាលពីថ្ងៃពុធ ទី1 ខែតុលា ដោយបន្ថែមទឹកប្រាក់ប្រមាណ 6  ពាន់លានដុល្លារអាមេរិក ទៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់លោក ម៉ាស។