កំពង់ស្ពឺ ៖
ដោយសារតែឥទ្ធិពលគ្រឿងញៀន ធ្វើឱ្យបុរសជាឪពុកចុងម្នាក់ យកកាំបិតកាប់កូនស្រីចុង បណ្តាលឱ្យរងរបួសឈាមដាបពេញក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍។
បុរសជាឪពុកចុងភ័យពេក ក៏ឡើងទៅលាក់ខ្លួនលើដើមស្វាយព្យាយាមចង-កសម្លាប់ខ្លួន តែកម្លាំងសមត្ថកិច្ច ព្យាយាមជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែបុរសជាឪពុកបានខាំអណ្តាតខ្លួនឯងថែមទៀតពេទ្យជួយលែងបានក៏ស្លាប់តែម្តងទៅ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា÷កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ កើតមានករណីប៉ុនប៉ងឃាតកម្ម អតីតឪពុកចុង បានយកកាំបិតកាប់ទៅកូនចុងជាស្ត្រីមេម៉ាយកូនមួយ ហើយប៉ុនប៉ងសម្លាប់ខ្លួនឯង ដោយដុតភ្លើងនៅលើដើមស្វាយ យកខ្សែចង-ក ។ លុះសមត្ថកិច្ចជួយមកដល់ដី ស្រាប់តែខាំអណ្តាតខ្លួនឯងថែមទៀត ពេលនោះកំលាំងសមត្ថកិច្ចក៏ បានដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែជាអកុសលជនសង្ស័យជាឪពុកចុងរូបនោះ បានស្លាប់ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបាត់ទៅហើយ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយបន្តថាជនរងគ្រោះមានឈ្មោះស៊ុំ ឡី អាយុ២៩ឆ្នាំ (ត្រូវជាកូនចុង) បណ្ដាលឲ្យរងរបួសធ្ងន់ ឈាមដាបពេញផ្ទះ ។ ចំណែកឪពុកចុងជាជនសង្ស័យមានឈ្មោះ ប៊ុត វិន អាយុ៤៣ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិភ្នំបាត ឃុំជើងរាស់ ស្រុក សាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
ចំពោះមូលហេតុដែលជនសង្ស័យដៃដល់ជាឪពុកចុង ដាច់ចិត្តយកកាំបិតកាប់ទៅលើកូនស្រីចុងខ្លួនឯងនោះ គឺបណ្តាលមកពីប្រើប្រាស់សារធាតុញៀនលើកំរិត ហើយឪពុកចុងដែលជាជនសង្ស័យខាងលើ តែងតែប្រើអំពើហិង្សាទៅលើប្រពន្ធកូន។ ស្ត្រីរងគ្រោះជាកូនតែងតែស្តីបន្ទោស ហើយ ជនដៃដល់ ខឹងជនរងគ្រោះស្តីបន្ទោសនោះ ក៏ទប់កំហឹងមិនបានទាយកាំបិតកាប់សន្ធប់ បណ្តាលឲ្យរងរបួសតែម្តង។
តាមការពិនិត្យរបស់នគរបាលជំនាញការិយាល័យបច្ចេកនិងវិទ្យាសាស្រ្តខេត្តកំពង់ស្ពឺ និងគ្រូពេទ្យកោសល្យវិច័យ ស្លាប់ដោយចង-ក។ ក្រោយធ្វើការពិនិត្យសាកសពបុរសខាងលើនគរបាលបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕