ភ្នំពេញ៖
បុរសម្នាក់បានជិះម៉ូតូកង់បីដឹកទំនិញមួយគ្រឿង ធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានខ្សែកាបឬស្សីកែវ ហើយលិចបាត់បន្សល់ទុកតែម៉ូតូកង់៣។
ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៥នៅលើស្ពានខ្សែកាបឬស្សី កែវស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសមានវិបត្តិរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ នៅលើស្ពាន បន្សល់ទុកតែស្បែកជើងនៅលើម៉ូតូកង់បីដឹកទំនិញមួយគ្រឿងតែប៉ុណ្ណោះ។
តាមសាក្សី បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូកង់បីដឹកទំនិញគ្រឿងខាងលើ ធ្វើដំណើរឡើងស្ពានខ្សែកាបឬស្សីកែវ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់កណ្ដាលស្ពាន បានឈប់ចុះឈរមួយសន្ទុះ ស្រាប់តែតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេ សម្លាប់ខ្លួនតែម្ដង។
តាមសាក្សីបានឲ្យដឹងទៀតថា នៅព្រឹកនោះ បន្ទាប់ពីលោតចុះទៅក្នុងទឹក គេឃើញបុរសរូបនោះហែលទឹកនិងរសាត់តាមខ្សែទឹកហូរ។ ក្រោយមក លិចបាត់ដោយពុំមានទូកចេញទៅសង្គោះឡើយ។ ទោះបីជាយ៉ាងណា គេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីឡើយបានជាគិតខ្លីបែបនេះ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាល ក៏បានទៅនាំយកម៉ូតូកង់បីមករក្សាទុកនៅស្នាក់កាប៉ុស្តិ៍ ដើម្បីរង់ចាំបងប្អូនសាច់ញាតិ ឬក្រុមហ៊ុនមកទទួលយកវិញ៕