ថ្មីៗនេះ តារាចម្រៀងយុវវ័យ ណាន វីសារ បានប្រកាសដំណឹងល្អទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គម ជុំវិញការបង្កើតមូលនិធិមួយដែលមានឈ្មោះថា “សំឡេងវីសារ ដើម្បីកងទ័ពកម្ពុជា” ក្រោមប្រធានបទ “ច្រៀងដើម្បីជួយ ឈ្នះដើម្បីជាតិ”។ បេសកកម្មនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសថវិកាសប្បុរស ជួយគាំទ្រ និងគោរពដឹងគុណដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារព្រំដែន និងសន្តិភាពប្រទេសជាតិ។
យ៉ាងណាមិញ បើយោងតាមការចែករំលែកវីដេអូ ក៏ដូចជាសំណេរមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ណាន វីសារ បានឱ្យដឹងថា លោកនឹងចាប់ផ្តើមធ្វើគម្រោងមួយនេះ ដោយការចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈការជិះម៉ូតូ នៅលើផ្លូវជាតិលេខ៥ ដោយឆ្លងកាត់ ៨ ខេត្ត និង ២២ ស្រុក។ វីសារ បន្តឱ្យដឹងទៀតថា លោកនឹងធ្វើការឈប់ច្រៀងនៅតាមទីរួមស្រុកនីមួយៗ ដែលបានឆ្លងកាត់ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជននៅតាមតំបន់ទាំងនោះ។
គួរឱ្យដឹងបន្ថែមថា មូលនិធិមួយ “សំឡេងវីសារ ដើម្បីកងទ័ពកម្ពុជា” ក្រោមប្រធានបទ “ច្រៀងដើម្បីជួយ ឈ្នះដើម្បីជាតិ” របស់លោក ណាន វីសារ នឹងចាប់ផ្តើមចេញដំណើរពីផ្លូវថ្មើរជើងចតុមុខ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងគ្រោងបញ្ចប់គោលដៅនៅទីរួមខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ បងប្អូនសប្បុរជនទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងចង់ចូលរួមជាផ្នែកមួយនៃមូលនិធិនេះ បងប្អូនក៏អាចចូលរួមជាថវិកាតាមកម្លាំងសទ្ធាបានផងដែរ ដោយធ្វើការស្កេនតាមរយៈ QR Code ដែលមាននៅលើផ្ទាំងផុសស្ទើរ៍របស់លោក ណាន វីសារ ផ្ទាល់តែម្តង៕
