ភ្នំពេញ៖ 

បង្គោលភ្លើងមួយដើម ដែលបំពាក់ទៅដោយខ្សែភ្លើង រញ៉េរញ៉ៃ បានឆ្លងចរន្ធ ក្លាយ ជាអគ្គិភ័យឆាបឆេះយ៉ាងបន្ធោសន្ធៅ បណ្ដាលឱ្យខ្សែភ្លើង រងការខូចខាចនិងដាច់ធ្លាក់ពេញផ្លូវ។ 

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ ២០២៥នៅតាមផ្លូវចូលសាលាសង្កាត់ ទឹកថ្លាក្រោយក្រុមហ៊ុន Toyota ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បង្គោលភ្លើងដែលអគ្គិភ័យឆាបឆេះលេខ ប.ត១៥២_២១៥ បំពាក់ទៅដោយខ្សែភ្លើងខ្វាតខ្វែងនិងរញ៉េរញ៉ៃ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញខ្សែភ្លើង បានឆ្លងចរន្តហើយទុស្សេបែកផ្កាភ្លើង និងក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងដែលបំពាក់នៅបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង មានការភ័យខ្លាចឆេះរាលដាលទៅដល់ផ្ទះសម្បែង។ ភ្លាមៗ ប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ។

នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់និងទាក់ទងទៅមន្ត្រីអគ្គិសនីដើម្បីផ្តាច់ភ្លើងហើយភ្លើងបានរលត់ទៅវិញ។

តាមនគរបាល បានឲ្យដឹងថាអគ្គិភ័យនេះ បានបណ្ដាលឲ្យខ្សែភ្លើងឆេះរងការខូចខាតនិងដាច់ធ្លាក់ពេញផ្លូវ ពុំបណ្ដាលឱ្យឆេះរាលដាលដល់លំនៅដ្ឋានឡើយ។ បន្ទាប់ពីកើតហេតុ មានមន្ត្រីអគ្គិសនី បានចុះទៅកន្លែងកើតហេតុដើម្បីជួសជុលផងដែរ៕