លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងប្រកាសថា ជនណាដែលពាក់ព័ន្ធនឹងអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវនៅមុខច្បាប់ បន្ទាប់ពីការិយាល័យប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែន បានលាតត្រដាងគម្រោងសូកប៉ាន់ចំនួន 100 លានដុល្លារ នៅក្នុងវិស័យថាមពល។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ក្រុមឧក្រិដ្ឋជនមួយក្រុម រួមទាំងអតីតទីប្រឹក្សារដ្ឋមន្ត្រីថាមពល និងប្រធានសន្តិសុខរបស់ ក្រុមហ៊ុន អីណឺហ្កូធុម ជុំវិញករណីនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសអ៊ុយក្រែន ក៏បានព្យួរតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បច្ចុប្បន្ន នឹងជាអតីតរដ្ឋមន្ត្រីថាមពល គឺលោក ហ្កាឡុសឆេនកូ ចំពេលមានការស៊ើបអង្កេតលើករណីអំពើពុករលួយក្នុងវិស័យថាមពលនេះ។ គួរបញ្ជាក់ផងដែរថា ការចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ក្នុងវិស័យថាមពលនេះ គឺជាចំណុចដ៏រសើបមួយសម្រាប់សាធារណជនទូទៅ ដែលកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ នៅទូទាំងប្រទេស ស្របពេលដែលរដូវរងាចូលមកដល់ និងស្របពេលដែលប្រទេសនេះ កំពុងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។
