ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនសរុបចំនួន 10 នាក់បន្ថែមទៀតនៅក្នុងតំបន់មួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ដែលធ្វើឲ្យបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែតុលា នោះ ស្ថិតក្នុងភាពរង្គោះរង្គើ។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារកំណត់គោលដៅលើក្រុមហាម៉ាសនៅទូទាំងតំបន់ហ្គាហ្សា បន្ទាប់ពីសមាជិកនៃក្រុមនេះ បានបើកការបាញ់ប្រហារលើកងទ័ពរបស់ខ្លួនដោយរំលោភលើបទឈប់បាញ់ដែលទើបតែចូលជាធរមាន។ គួរបញ្ជាក់ផងដែរថាទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមក លើការរំលោភបំពានលើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងដំណាក់កាលដំបូងនៃផែនការសន្តិភាពទាំង 20 ចំណុចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
