ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្សយ៉ាងហោចណាស់ 12 នាក់ និង 27 នាក់ទៀតរងរបួស នៅខាងក្រៅអគារតុលាការមួយកន្លែងក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន។ យោងតាមអាជ្ញាធរ ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានព្យាយាមសម្រុកចូលទៅក្នុងអគារតុលាការដោយថ្មើរជើង ប៉ុន្តែបានបំផ្ទុះខ្លួនឯងនៅខាងក្រៅអគារជិតរថយន្តប៉ូលីស និងហ្វូងមនុស្សជាច្រើន បន្ទាប់ពីការរង់ចាំនៅទីនោះអស់រយៈពេលជាច្រើននាទី។ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសប៉ាគីស្ថាន លោក មូហាម៉ាត់ អាស៊ីហ្វ បាននិយាយថា ប្រទេសប៉ាគីស្ថាន កំពុងស្ថិតក្នុង «ស្ថានភាពសង្គ្រាម» ដោយលោកបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន ថាជាក្រុមនៅពីក្រោយការវាយប្រហារនេះ។ តែយ៉ាងណាមិញ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះទេ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារគ្រាប់បែកអត្តឃាតនេះ កាន់តែបង្កើនភាពតានតឹងនៅក្នុងតំបន់ បន្ទាប់ពីប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីប៉ុន្មានសប្តាហ៍មុន។