ភ្នំពេញ៖
ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងនៅ ខណ្ឌទួលគោក ត្រូវបានកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងការចុះឆែកឆេរបង្ក្រាបបទល្មើសតាមអនឡាញនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន០៥នាក់។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារជាវត្ថុតាងរួមមាន៖
រថយន្ត០២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921 ។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ។
ដោយឡែក នៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប. ឆ.ប.) បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងនៅអគារលេខ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ៩៥ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញផងដែរ៕
