លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងព្រមានថា លោក បានស្នើសុំឲ្យក្រសួងការពារជាតិ រៀបចំសម្រាប់សកម្មភាពយោធាដែលអាចកើតមាននៅក្នុងប្រទេសនីហ្សេរីយ៉ា ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា «បន្តអនុញ្ញាតឲ្យមានការសម្លាប់អ្នកកាន់សាសនាគ្រិស្ត»។ លោកប្រធានាធិបតី ត្រាំ បានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏នឹងបញ្ឈប់ជំនួយ និងការផ្គត់ផ្គង់ទាំងអស់ ដល់ប្រទេសនីហ្សេរីយ៉ាភ្លាមៗផងដែរ។ ឆ្លើយតបទៅនឹងការព្រមាននេះ រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា បានសន្យាថានឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាជ្រុលនិយម និងសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងនៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ប្រទេសអាហ្វ្រិកខាងលិចនេះ ទៅក្នុងបញ្ជីតាមដានរបស់សហរដ្ឋអាមេរិកលើអ្វីដែលលោកបាននិយាយថា ជាការគំរាមកំហែងដល់អ្នកកាន់សាសនាគ្រិស្ត។
