ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជាផ្នែកនារី លើប្រភេទកីឡាបាល់បោះជិះរទេះ បានបង្ហាញសមត្ថភាពកាន់តែខ្លាំងឡើងៗ ជាពិសេសអាចយកឈ្នះក្រុមអ៊ីរ៉ង់ ដែលជាក្រុមមានកម្រិតខ្លាំង ក្នុងលទ្ធផល ៥៨ទល់៤៣ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ 2025 Asia Oceania Championship។ ព្រឹត្តិការណ៍នេះ គឺជាការប្រកួតប្រជែងដើម្បីដណ្ដើមកៅអីទៅចូលរួមព្រឹត្តិការណ៍កីឡាជនពិការអាស៊ី លើកទី៥ នៅទី ប្រទេសជប៉ុន នាចុងឆ្នាំ២០២៦។ មុនជួបហ្វីលីពីន ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា បានយកឈ្នះឡាវ លទ្ធផល ៦៧ ទល់៤០ មុនចាញ់ម្ចាស់ផ្ទះថៃ លទ្ធផល៦២ ទល់ ៣៩។

សម្រាប់ជំនួបទី៤ នៅថ្ងៃទី១២ វិច្ឆិកានេះ ក្រុមអត្ដពលិក ដែលជាស្ដ្រីទាំងនោះ បានយកឈ្នះលើក្រុមហ្វីលីពីន លទ្ធផល ៦៣ ទល់១៤។ លទ្ធផលនេះ គឺជាពិន្ទុ ដែលឈ្នះដាច់មួយសម្រាប់ក្រុមកម្ពុជា បើធៀបទៅនឹងលទ្ធផល ដែលបានឈ្នះក្រុមហ្វីលីពីន កាលពីប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា បានឈ្នះ ហ្វីលីពីន ត្រឹមតែលទ្ធផល៤០ ទល់ ២៥ ប៉ុន្ដែ ២ឆ្នាំបន្ទាប់ ក្រុមកម្ពុជា បានយកឈ្នះដាច់ ក្នុងព្រឹត្ដិការណ៍ 2025 Asia Oceania Championship។ 

លទ្ធផលបណ្ដុះអាសន្ន កម្ពុជា បានឈ្នះ ៣ប្រកួត និងចាញ់១ប្រកួត ក្នុងព្រឹត្តិការណ៍នេះ។ ដោយឡែក កម្ពុជា នៅសល់១ប្រកួតទៀត ដោយត្រូវប្រកួតជាមួយក្រុមកីឡាការិនីឥណ្ឌា នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥។

វិញ្ញាសាបាល់បោះជិះរទេះផ្នែកនារីនេះ មាន៩ប្រទេសចូលរួម ដោយចែកចេញជា២ពូល។ ពូល A មាន អូស្ដ្រាលី ចិន និងជប៉ុន ខណៈពូល B មាន៦ប្រទេសដូចជា ម្ចាស់ផ្ទះថៃ កម្ពុជា ឥណ្ឌា ឡាវ អ៊ីរ៉ង់ និងហ្វីលីពីន។ ក្រុមទាំងអស់ត្រូវប្រកួតសន្សំពិន្ទុ ដោយក្រុមដែលមានចំណាត់ថ្នាក់លេខ១ នៃពូល B នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយ៣ក្រុមផ្សេងទៀត ក្នុងពូល A។ ថៃ ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះទាំង៤ប្រកួត។ ប្រកួតចុងក្រោយ ថៃ ត្រូវប៉ះឡាវ៕