ក្រចេះ ៖
ក្រុមក្មេងទំនើងចំនួន៥នាក់ក្នុងចំណោម៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្នួល បានចុះធ្វើការស្រាវជ្រាវបន្ទាន់ និងចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណី ប្រើហិង្សាដោយចេតនាទៅលើភាគីជម្លោះ បណ្តាលឲ្យដួលម៉ូតូធ្លាក់ចូលប្រឡាយផ្លូវនៅចំណុចទំនប់ជីវើន ស្ថិតនៅភូមិរហារ៌ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៥នាក់នេះបាន ការិយាល័យជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ដោយឡែក តុលាខេត្តក្រចេះ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានសំណុំរឿងភ្លាម ក៏បានសាងសួរចម្លើយ និងពិនិត្យភស្ដុតាង និងសម្រេច ចោទប្រកាន់ជនសង្ស័យទាំង៥នាក់ខាងលើពីបទ ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ និងដោយមានមនុស្សច្រើននាក់)តាមបញ្ញត្តិមាត្រា ២១៨ ចំណុច២ និងចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅឃុំខ្លួននៅពន្ឋនាគារផងដែរ។
សូមជម្រាប់ថាករណីប្រើអំពើហិង្សានេះ បានកើតឡើងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយក្រុមក្មេងទំនើងមួយក្រុម មានគ្នា០៦នាក់ និងមានអាយុចន្លោះពី១៦ឆ្នាំ ទៅ១៩ឆ្នាំ បានជិះម៉ូតូបើកការវាយប្រហារទៅភាគីជម្លោះ ដោយប្រើកាំបិតបុ័ងតោះ ដុំថ្ម និងដុំដី កុំប្រហារទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត បណ្ដាលឲ្យដួលម៉ូតូធ្លាក់ចូលប្រឡាយផ្លូវ នៅចំណុចទំនប់ជីវើន ស្ថិតនៅភូមិរហារ៌ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ៕
