ក្រុមភ្នំពេញហ្គាឡាក់ស៊ី និងក្រុមខេត្តត្បូងឃ្មុំបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះគូប្រកួតរៀងៗខ្លួនវគ្គ១/៤ សរុបទាំងពីរជើង កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៥-២០២៥។
ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានយកឈ្នះក្រុមមន្ទីរអប់រំខេត្តកំពត ដោយលទ្ធផល ៣-១ ជើងទី២ ល្ងាចម្សិលមិញ (សរុបទាំងពីរជើង ៥ទល់និង៣) ខណៈក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមបាត់ដំបងយូណៃធីត ដោយលទ្ធផល ៧ទល់និង៥ ជើងទី២ ល្ងាចម្សិលមិញ (សរុបទាំងពីរជើង ១១ទល់និង៥)។
ដោយឡែក២ប្រកួតផ្សេងទៀតនឹងត្រូវកាត់សេចក្តីនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ ដើម្បីស្វែងរក២ក្រុមឈ្នះៗ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ២ប្រកួតនេះ រួមមាន៖ ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបត្រូវជួបក្រុមខេត្តព្រះសីហនុ (កាលពីជើងទី១ លទ្ធផល ៣ទល់និង២) ខណៈក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺត្រូវប៉ះក្រុមមន្ទីរអប់រំខេត្តកំពង់ចាម (កាលពីជើងទី១ លទ្ធផល ១ទល់និង៣)។
ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តនេះគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា សម្រាប់ជើងទី១ រីឯជើងទី២ នឹងធ្វើឡើងនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត រដូវកាល ២០២៥-២០២៦៕
