សាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានប្រតិភូកីឡាចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ រួមទាំងឯកឧត្តម ញាណ សុខវិសាល ប្រធាននាយកដ្ឋានពហុកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយបេសកកម្ម និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា និងជានាយរងបេសកកម្ម បានបើកកិច្ចប្រជុំជាមួយប្រតិភូកីឡា តំណាងសហព័ន្ធ និងគ្រូបង្វឹក ដែលត្រូវទៅចូលរួមប្ប្រកួត ដើម្បីធ្វើការពន្យល់ និងណែនាំដល់ប្រតិភូកីឡាក្នុងអំឡុងមុនពេល ក្នុងពេលប្រកួត និងត្រៀមលក្ខណៈដើម្បីចូលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពីឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា នៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខ។នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ឱ្យប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ទាំងការហូបចុក ស្នាក់នៅ ការប្រកួត និងធ្វើដំណើរផ្សេងៗ ត្រូវប្រកាន់នូវភាពថ្លៃធ្នូ អត់ធ្មត់ ត្រូវគិតពីសុខសុវត្ថិភាពជាចម្បង និងស្តាប់ការណែនាំរបស់មន្ត្រីដឹកនាំក្នុងពេលប្រកួត។
