យោធាប្រទេសចិន បានព្រមានប្រទេសជប៉ុនថានឹងរង "ការបរាជ័យយ៉ាងធ្ងន់ធ្ងរ" ប្រសិនបើខ្លួនព្យាយាមជ្រៀតជ្រែកក្នុងរឿងកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សាណេ តាកៃឆី ដែលថា ការវាយប្រហាររបស់ប្រទេសចិនលើកោះតៃវ៉ាន់ អាចបង្កើត "ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត" របស់ខ្លួន ដែលនឹងជំរុញឲ្យខ្លួនធ្វើការឆ្លើយតបនោះ។ គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់ស្ថិតនៅចម្ងាយប្រមាណតែ 110 គីឡូម៉ែត្រពីទឹកដីរបស់ប្រទេសជប៉ុន។ ការព្រមានរបស់ទីក្រុងប៉េកាំង បានបង្ហាញពីការកើនឡើងនៃភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលអាចជំរុញឲ្យផ្ទុះទៅជាជម្លោះក្នុងតំបន់ ប្រសិនបើទីក្រុងតូក្យូ ឬមហាអំណាចផ្សេងទៀត ហ៊ានធ្វើសកម្មភាពយោធា។
