ភ្នំពេញ៖ 

ស្ត្រីជាអតីតពលករនៅប្រទេសជប៉ុនម្នាក់ បានស្រែកទ្រហោយំ បន្ទាប់ពីត្រឡប់មកពីធ្វើការពេលយប់ មកផ្ទះវិញ ត្រូវចោរឆ្កឹៈសោបន្ទប់ ចូលលួចយកអស់ប្រាក់ដុល្លារនិងលុយជប៉ុន សរុបប្រមាណជិត៣ ម៉ឺនដុល្លារ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រុមាណ ជិត៦ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថិតនៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ ។ 

តាមព័ត៌មាន បានឲ្យដឹងថានៅវេលាព្រឹកព្រលឹមស្រាងៗ គេឃើញស្ត្រីរងគ្រោះ បានត្រឡប់មកពីធ្វើការវេនយប់ ស្រាប់តែស្រែកទ្រហោយំ បន្ទាប់ពីមកដល់ផ្ទះ ឃើញបន្ទប់ជំហរ ត្រូវបានចោរឆ្កឹៈ សោ ហើយ រើ កកាយលួចយកប្រាក់អស់។ 

តាមស្ត្រីរងគ្រោះដែលពុំបានប្រាប់អោយស្គាល់អត្តសញ្ញាណ បានអោយដឹងថា ប្រាក់ដែលត្រូវចោរឆ្កឹះសោបន្ទប់លួចយកទៅ រួមមាន៖ ប្រាក់ដុល្លារប្រមាណ ១៤០០០ដុល្លារនិងលុយជប៉ុនប្រមាណជិត ២ម៉ឺនយ៉េន ដែលសរុបប្រមាណជិត៣ ម៉ឺនដុល្លារ។ 

តាមស្ត្រីវ័យក្មេងរូបនោះ បានឲ្យដឹងថា ខ្លួនជាពលករធ្វើការនៅប្រទេសជប៉ុន ខំសន្សំប្រាក់អស់រយៈពេល ៧ ឆ្នាំ ហើយ ត្រឡប់មកប្រទេសកម្ពុជាវិញ ខំធ្វើការងារយប់បន្តទៀតដើម្បីសន្សំ យកលុយធ្វើផ្ទះនៅស្រុក ។ នៅពេលថ្មីៗនេះ ខ្លួនបានដកលុយយកមកទុកនៅក្នុងបន្ទប់ប្រុងធ្វើដំណើរទៅយកលុយទៅស្រុកធ្វើផ្ទះ តែត្រូវបានចោរលួចអស់។

តាមព័ត៌មានឲ្យដឹងថា ក្រុមចោរ អាចជាអ្នកនៅក្បែរខាងនិងបន្ទប់របស់ជនរងគ្រោះព្រោះតាមការបំភ្លឺពីអ្នកជិតខាងនៅមុខបន្ទប់ គឺនៅតាមច្រកចូល មានម៉ូតូនៅខាងក្រៅ តែបែរជាចោរមិនលួច ស្រាប់តែទៅគាស់បន្ទប់ខាងលើ លួចលុយវិញ។ បន្ទាប់ពីត្រូវចោរលួចលុយអស់ ស្ត្រីរងគ្រោះក៏បានជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផងដែរ ៕