មន្ត្រីតំណាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានបញ្ជាក់ថា ការចរចារបស់ពួកគេនៅក្នុងទីក្រុងហ្សឺណែវ ស្តីពីផែនការសន្តិភាពទាំង 28 ចំណុច ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុង «មានវឌ្ឍនភាព» ប៉ុន្តែភាពមិនចុះសម្រុងគ្នានៅតែមាន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក រូប៊ីអូ បាននិយាយថា ការចរចានេះ មានការវិវឌ្ឈន៍ទៅមុខ ខណៈដែលលោក អែនឌ្រី យឺម៉ាក ប្រធានការិយាល័យរបស់លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ក៏បានបញ្ជាក់ថា កិច្ចពិភាក្សានេះ ត្រូវបានបញ្ចប់ជាមួយនឹង «វឌ្ឍនភាពល្អ»។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងបញ្ជាក់ថា សំណើសន្តិភាពទាំង 28 ចំណុចរបស់សហរដ្ឋអាមេរិក មានចំណុចសំខាន់ៗជាច្រើនដែលពាក់ពន្ធ័នឹងផលប្រយោជន៍ជាតិរបស់ប្រទេសអ៊ុយក្រែន ជាក់ស្តែងរួមមានការអំពាវនាវឲ្យអ៊ុយក្រែនប្រគល់ទឹកដី ទទួលយកដែនកំណត់លើយោធារបស់ខ្លួន និងលះបង់មហិច្ឆតាក្នុងការចូលរួមជាមួយអង្គការណាតូជាដើម។
