អតីតនាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដែស ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី សៀក ហាស៊ីណា ត្រូវបានសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីការកាត់ក្តីអស់រយៈពេលជាច្រើនខែ និងបានរកឃើញថា លោកស្រីពិតជាមានទោសពីបទបញ្ជាឲ្យមានការបង្ក្រាបដ៏សាហាវលើក្រុមបាតុករនិស្សិតកាលពីឆ្នាំមុន ដែលជំរុញឲ្យមនុស្សប្រមាណ 1400 នាក់បាត់បង់ជិវិតនោះ។ លោកស្រី ហាស៊ីណា ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ 2024 អំឡុងពេលនៃការប្រឆាំងបះបោរនឹងរដ្ឋាភិបាលរបស់លោកស្រីនោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធការចោទប្រកាន់របស់តុលាការ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចេញសាលក្រម ក្រសួងការបរទេសប្រទេសបង់ក្លាដែស បានអំពាវនាវឲ្យប្រទេសឥណ្ឌាធ្វើបត្យាប័ន ឬប្រគល់លោកស្រី ហាស៊ីណា និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ខាន់ កាមែល ដែលក៏ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីដូចគ្នានេះ។
