ភ្នំពេញ៖

បុរសជិះកង់ហាត់ប្រាណម្នាក់ ត្រូវរថយន្តត្រឡុកស៊ីម៉ងត៍ បុកពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់នៅនិងកន្លែង ហើយ កិនកង់ជាប់ក្រោមរថយន្តអូសប្រមាណជិត១០គីឡូម៉ែត ហើយ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាននៅក្នុងទីតាំងក្រឡុកស៊ីម៉ង់ត៍មួយកន្លែង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយខាងជើងស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះអៀង ចិន្តា ៥៤ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ 

តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះកង់ហាត់ប្រាណដូចសព្វដង ធ្វើដំណើរតាមផ្លូវភ្នំពេញថ្មីហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុជិតដល់ស្ពានអាកាសផ្សារដីហុយ ស្រាប់តែមានរថយន្តមួយគ្រឿង ធ្វើដំណើរស្របគ្នាមកពីក្រោយ ហើយ បុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យដេកដួលនៅលើថ្នល់បោកក្បាលស្លាប់នៅនិងកន្លែង។

បន្ទាប់ពីកើតមានគ្រោះថ្នាក់  រថយន្តបានកិនកង់អូសយកទៅជាមួយរហូតដល់ ផ្លូវ៣៧១កែងផ្លូវចូលបឹងតាម៉ាត  ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញចម្លាយប្រមាណជិត១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ក្រោយកើតហេតុដោយមានការយកទឹកចិត្តទុកដាក់ពីសមត្ថកិច្ច ឈានទៅស្រាវជ្រាវឃាត់បាន។

លោកវរៈសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថារថយន្តក្រឡុកស៊ីម៉ង់តិ៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ស្លាប់ ត្រូវបានលោកដឹកនាំស្រាវជ្រាវឃាត់ បាននៅក្នុងទីតាំងក្រឡុកស៊ីម៉ង់ត៍មួយកន្លែងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។ លោកអធិការ បានឲ្យដឹងទៀតថាបន្ទាប់ពីកើតមានគ្រោះថ្នាក់  លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឆែកឆេរតាមកាមេរ៉ាសុវត្ថិភាពរហូតដល់ខណ្ឌដង្កោបន្ទាប់ពីប្រទះឃើញកង់ជ្រុះ។ លុះក្រោយមក បន្តស្រាវជ្រាវ ហើយ ឈានទៅឃាត់ថយន្ត នោះនៅទីតាំងក្រុមហ៊ុនក្រឡុកស៊ីម៉ង់តែម្ដង។ចំណែកអ្នកបើកបរបានតេចខ្លួនបាត់៕