អ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក បានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី ហ្វីយ៉ាតា បវរកញ្ញាតំណាងឱ្យកម្ពុជា នៅក្នុងកម្មវិធី Miss Universe ដែលកំពុងធ្វើឡើងនៅប្រទេសថៃ បានធ្វើការបង្ហោះវីដេអូនៅក្នុង Story IG យំសស្រាក់ កាលពីយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ។

នៅក្នុងនោះ ហ្វីយ៉ាតា បានឱ្យដឹងថា នាងទទួលបានការសើចចំអកឡកឡឺយ ពីសំណាក់ជនជាតិថៃដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ហ្វីយ៉ាតា ក៏បានបញ្ជាក់បន្ថែមថា ទង្វើអសីលធម៌ និងមិនគោរពដល់បេក្ខនារីដទៃបែបនេះ មិនមែនជាលើកទីមួយនោះទេ ពោលគឺនាងបានជួបចំនួនបីដងមកហើយ។

ទន្ទឹមនឹងហេតុការដែលកំពុងទទួលបានការចាប់អារម្មណ៍លើឆាកអន្តរជាតិបែបនេះ បវរកញ្ញាមកពីប្រទេសហ្វាំងឡង់ បានរៀបរាប់ពីហេតុការដែលបានកើតឡើងលើ ហ្វីយ៉ាតា យ៉ាងដូច្នេះថា៖ «មានបុរសពីរនាក់មកពីក្រុមប្រព័ន្ធផ្សព្វផ្សាយ (អ្នកសរសេរប្លុក) ដែលបានប្រមាទកញ្ញាឯកកម្ពុជាជាច្រើនលើកច្រើនសារ ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីក្នុងន័យរើសអើងជាតិសាសន៍អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ នេះមិនអាចទទួលយកបានទេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមយើង គួរទទួលយកអ្វីមួយដូចនេះនោះដែរ។ យើងទាមទារឱ្យដកបុរសពីរនាក់នោះចេញពីក្រុមសារព័ត៌មាន ហើយគ្មានអ្នកណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមសកម្មភាពរបស់យើងទេ ហើយអ្នកសរសេរប្លុកឈ្មោះ Khunsgot គួរតែលុបវីដេអូរើសអើងជាតិសាសន៍ អំពីកញ្ញាឯកកម្ពុជានៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គាត់។ MUO គួរតែហាមឃាត់បុគ្គលទាំងនេះកុំឱ្យចូលទៅក្បែរបវរកញ្ញាខ្លាំងពេក»។

យ៉ាងណាមិញ ស្របពេលដែលមានការព្រួយបារម្ភសុវត្ថិភាពពីសំណាក់អ្នកគាំទ្រ ហ្វីយ៉ាតា ក៏បានបង្ហោះសំណេរ នៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ថា៖ «ខ្ញុំទទួលបានសារអ្នកទាំងអស់គ្នា បានឃើញបានអាន ខ្ញុំអរគុណហើយសុំទោសដែលធ្វើឱ្យបារម្ភ តាមពិតខ្ញុំពិតមិនចង់បង្ហាញ តែពិភពលោកនេះពេលខ្លះតម្រូវឱ្យយើងធ្វើបែបនេះ កុំបារម្ភ សល់ពេលមិនយូរទេ យើងបានជួបគ្នាវិញហើយ ទោះមានរឿងប៉ះផ្លូវចិត្តខ្ញុំ តែជឿខ្ញុំទៅគេកាន់តែធ្វើ ពិភពលោកកាន់តែឃើញ ខ្ញុំកូនខ្មែរ រឿងអីខ្ញុំងើបឈរវិញមិនកើត»៕