អ៊ុន សិទ្ធា ជាតារាភាពយន្តដ៏ល្បីរន្ទឺ លោកបានចាប់ផ្តើមបោះជំហានលើវិថីសិល្បៈជាលើកដំបូង នៅក្នុងកម្មវិធីប្រកួតក្នុងស្រុកមួយ ដែលមានឈ្មោះថា «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ២០០៦ ដោយទទួលបានចំណាត់ថ្នាក់លេខ១។ បន្ទាប់ពីនោះ កេរ្តិ៍ឈ្មោះរបស់លោក កាន់តែរីកសុះសាយ ក្នុងនាមជាតារាសម្តែង ពិធីករ តារាបង្ហាញម៉ូត និងតារាស្ពតពាណិជ្ជកម្មនានា។ យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មានការផ្ទុះកក្រើកពេញបណ្តាញសង្គម ដោយសារតែការទទួលមរណភាពយ៉ាងឆាប់រហ័សដ៏មិននឹកស្មានរបស់តារាប្រុសរូបនេះ។ យោងតាមការឱ្យដឹងពីមិត្តរួមសិល្បៈ ការស្លាប់របស់ លោក អ៊ុន សិទ្ធា គឺបណ្តាលមកពីជំងឺដំបៅក្រពះ ខណៈពេលដែលលោក មិនដែលត្អូញត្អែរ បង្ហើបប្រាប់ស្ថានភាពជំងឺជាសាធារណៈសូម្បីតែម្តងនោះឡើយ។ ការចាកចេញក្នុងវ័យ ៤២ ឆ្នាំនេះ បានធ្វើឱ្យ ក្រុមគ្រួសារ មិត្តរួមអាជីពទាំងក្នុង និងក្រៅសិល្បៈ រួមទាំងមហាជនផងដែរ មានការសោកស្តាយជាខ្លាំងនូវការបាត់បង់ធនធានសិល្បៈដ៏មានសក្កានុពលរូបនេះ។

គួរឱ្យដឹងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល តាមរយៈ ឯកឧត្តម ហ្វៃ សំអាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ដល់គ្រួសារសព របស់លោក អ៊ុន សិទ្ធា៕