កណ្តាល ៖

ជនសង្ស័យជាស្ត្រីម្នាក់ទៀតហើយ! ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនក្នុងករណី ជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ ( កត់ឆ្នោតវៀតណាម )  ដែលកើតហេតុកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុច ក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិស្វាយជ្រំ  សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ  ខេត្តកណ្ដាល ។ 

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថាស្ត្រីជាជនសង្ស័យមានឈ្មោះ ទី ឈូករី  អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅក្នុងទីតាំងកើតហេតុ។ រីឯវត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃចំនួន ០១គ្រឿង, ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន០៥សន្លឹកប៊ិកចំនួន ០១ដើម។

  សមត្ថកិច្ច បានអោយដឹងទៀតថា÷ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងព្រហ្មទណ្ឌក្រុង បានចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតខាងលើ  ដោយឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួន ទើបកម្លាំងបានចូលទៅឃាត់ខ្លួនអ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួន បញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ច  ស្ត្រីជាជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលជាងមួយខែមកហើយ!  ដោយក្នុងមួយថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ដែលគិតទឹក គឺក្នុង០១ម៉ឺនរៀល បានទឹក០១ពាន់រៀល ហើយព្រឹកឡើង បានប្រមូលប្រាក់យកទៅអោយមេម្នាក់(មិនស្គាល់) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន  ស្ត្រីជាជនជនសង្ស័យកំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ន ជាមួយវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕