រដ្ឋមន្ត្រីការបរទេសប្រទេសចិន លោក វ៉ាង យី បានថ្លែងថា ប្រទេសជប៉ុនបាន «ឆ្លងកាត់បន្ទាត់ក្រហមហើយ» ជាមួយនឹងការលើកឡើង ជុំវិញបញ្ហាកោះតៃវ៉ាន់។ លោក វ៉ាង ដែលជាមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន បានចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សេណេ តាកៃឆី ថាបានព្យាយាមជ្រៀតជ្រែកដោយសកម្មភាពយោធា ជុំវិញបញ្ហាកោះតៃវ៉ាន់។ ជាការឆ្លើយតប លោកស្រី សេណេ តាកៃឆី  បានថ្លែងថា ប្រទេសរបស់លោកស្រី «បើកចំហសម្រាប់ការសន្ទនាជាមួយប្រទេសចិន»។ គួរបញ្ជាក់ផងដែរថា ភាពតានតឹង ដែលបានកើនឡើងរវាងប្រទេសចិន និងជប៉ុនកាលពីពេលថ្មីៗនេះ កើតឡើង បន្ទាប់ពីការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សេណេ តាកៃឆី ដែលជា ជប៉ុន នឹងធ្វើការឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើប្រទេសចិន បើកការវាយប្រហារលើកោះតៃវ៉ាន់។