កាលពីពេលថ្មីៗនេះ តារាសម្តែងល្បីល្បាញរបស់ប្រទេសចិន ហ្វាន់ពីងពីង (Fan Bingbing) បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅប្រទេសជប៉ុន ដែលមានឈ្មោះថា Tokyo International Film Festival 2025។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ តារាស្រីខាងលើ មានឈ្មោះក្នុងការដណ្តើមពានរង្វាន់ក្នុងប្រភេទ តារាសម្តែងស្រីឆ្នើម ប៉ុន្តែបែរជាបាក់មុខនៅក្នុងកម្មវិធីផ្ទាល់តែម្តង ក៏ដោយសារតែ នាងមិនទទួលបានពានង្វាន់នោះឡើយ។ យ៉ាងណាមិញ មុនពេលប្រកាសលទ្ធផល ហ្វាន់ពីងពីង (Fan Bingbing) បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមរបស់នាង រៀបរាប់ថា “អស់រយៈពេល ៧ឆ្នាំកន្លងមក ខ្ញុំបានជួបរឿងជាច្រើន ម្ល៉ោះហើយជីវិតបានធ្វើឱ្យខ្ញុំរឹងមាំ ខ្ញុំស្រឡាញ់ក្រុមការងារគ្រប់គ្នា”។ សំណេរមួយខាងលើ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងសង្ស័យថា ប្រហែលជានាងបានដឹងលទ្ធផលមុនរួចបាត់ទៅហើយ ថានាងនឹងមិនទទួលបានពានពីកម្មវិធីនេះ។ ដោយឡែក នៅក្នុងក្រុមអ្នកសារព័ត៌មានវិញ ក៏មានការខ្សឹបខ្សៀវគ្នាផងដែរថា ហ្វាន់ពីងពីង (Fan Bingbing) នាងមិនទទួលបានពាន មិនមែនមកពីសមត្ថភាពសម្តែងរបស់នាងអន់នោះឡើយ ប៉ុន្តែគណៈកម្មការដែលជាជនជាតិចិន បានទម្លាក់តារាស្រីរូបនេះមិនឱ្យឈ្នះពាននេះផ្ទាល់តែម្តង ហើយម្នាក់នៅក្នុងចំណោមគណៈកម្មការទាំងនោះក៏មានតារាសម្តែងស្រី វិន យ៉ាន (Wen Yan) ផងដែរ។ កន្លងមក វិន យ៉ាន (Wen Yan) ក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមជារឿយៗថា ធ្លាប់ក្នក់ចិត្តគ្នាជាមួយ ហ្វាន់ពីងពីង (Fan Bingbing) ពោលគឺនៅអំឡុងខែ មករា ឆ្នាំ២០២៥ ហ្វាន់ពីងពីង (Fan Bingbing) ធ្លាប់ធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយ ហើយនាងមិនបានឡើងប្រគល់ពានរង្វាន់ដល់ វិន យ៉ាន (Wen Yan) ឡើយ។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មានលេចលឺបន្ថែមថា វិន យ៉ាន (Wen Yan) បានគំរាមថា បើ ហ្វាន់ពីងពីង (Fan Bingbing) ឈ្នះ នាងក៏នឹងមិនឡើងទៅប្រគល់ពានរង្វាន់ដូចគ្នាដែរ។ នេះហើយដែលជាមូលហេតុនៅពីក្រោយរឿងទាំងនេះ ដោយគេសន្និដ្ឋានថា វិន យ៉ាន (Wen Yan) បាននិងកំពុងសងសឹក ហ្វាន់ពីងពីង (Fan Bingbing)៕