កម្មវិធីប្រកួតសម្រស់ដ៏ធំនៅលើពិភពលោក Miss Universe បានធ្វើឡើងក្នុងឆ្នាំទី ៧៤ របស់ខ្លួនហើយ ដែលនៅក្នុងឆ្នាំនេះ ប្រទេសថៃបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ អំឡុងពេលដែលបេក្ខនារីមកពីជុំវិញពិភពលោក បាននិងកំពុងបង្អួតសម្រស់ សមត្ថភាព និងភាពវៃឆ្លាតផ្សេងៗ ក្នុងនោះ ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅទូទាំងក្នុង និងក្រៅប្រទេសផងដែរ ដែលគេសង្កេតឃើញថា មានទាំងក្រុមអ្នកគាំទ្រមកពីអាស៊ី អ៊ឺរ៉ុប និងឡាទីនជាដើម។

យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្មវិធី Miss Universe លើកទី៧៤ បានឈានមកដល់វគ្គប្រកួតធំៗចំនួនពីរ រួមមាន វគ្គប្រកួតឈុតតំណាងជាតិ និង វគ្គប្រកួតបឋម។ ក្រឡេកទៅមើលឈុតតំណាងជាតិរបស់កម្ពុជាយើងវិញ ឃើញថាមានភាពប្រណីតមិនចាញ់ឈុតតំណាងជាតិឆ្នាំៗមុននោះឡើយ។ ឈុតតំណាងជាតិ ដែលហ្វីយ៉ាតា ត្រៀមយកទៅបង្ហាញនៅលើឆាកប្រកួតសម្រស់នេះ មានឈ្មោះថា «ចាប៉ីមាស» ជាការរចនាឡើងមកដោយអ្នកច្នៃម៉ូតវ័យក្មេងដ៏មានទេពកោសល្យ គឺលោក ស្ករគ្រាប់។ ឈុតនេះត្រូវបានតំឡើងមក ដោយចង់បង្ហាញប្រាប់ទៅកាន់ពិភពលោកថា «ចាប៉ីដងវែង» របស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ អ្នកច្នៃម៉ូត ក៏ចង់បង្ហាញពីតម្លៃនៃវប្បធម៌ដ៏ចំណាស់របស់ខ្មែរ លើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកផងដែរ។ 

ដោយឡែក ឈុតដែលយកទៅបង្ហាញនេះ ក៏ធ្លាប់មានការប្រកួតនៅក្នុងស្រុកម្តងរួចមកហើយ នៅក្នុងកម្មវិធី កញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៥ ប៉ុន្តែឈុត «ចាប៉ីមាស» ដែលយកទៅជាឈុតតំណាងជាតិលើឆាក Miss Universe លើកទី៧៤ មានការច្នៃបន្ថែមពីលើទម្រង់ចាស់ ឱ្យមើលទៅកាន់តែលេចធ្លោថែមទៀត។

គួររំលឹកបន្ថែមថា ការប្រកួតឈុតតំណាងជាតិ នៅក្នុងកម្មវិធី Miss Universe លើកទី៧៤ នឹងធ្វើឡើងក្នុងថ្ងៃតែមួយជាមួយការប្រកួតបឋម ដែលធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខណៈពេលដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥៕