ភ្នំពេញ៖
រថយន្ត ម៉ាកRANG ROVER មួយគ្រឿង បានបើកបោះព្រួយក្នុងល្បឿននោះជ្រុលទៅបុករះរ៉ឺម៉កម៉ូតូ លក់បន្លែ ផ្លែឈើនៅតាមដងផ្លូវនិងម៉ូតូ បន្តបន្ទាប់បណ្ដាលឲ្យអ្នកលក់ដូរនិងអ្នកចូលផ្សាររងរបួសធ្ងន់និងស្រាលចំនួន ៥នាក់។
ហេតុការណ៍គ្រោះថ្នាក់ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចមុខផ្សារឬស្សីកែវថ្មី នៅក្នុងភូមិទូលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកRANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AU-9994 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីជើងទៅត្បូង (ពីជ្រោះបាត់ស្នេហ៍)ដោយល្បឿនលឿន។នៅពេលធ្វើដំណើរហួសផ្សារសាំហាន់បន្តិចស្រាប់តែរថយន្តរេចង្កូតទៅឆ្វេងដៃបុករះ រ៉ឺម៉កលក់បន្លែ ,ផ្លែឈើនិងម៉ូតូជាបន្តបន្ទាប់បណ្ដាលឲ្យអ្នកដំណើរនិងអ្នកលក់ដូរចំនួន៥ នាក់បានរងរបួសធ្ងន់ ស្រាល។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នេះបណ្ដាឲ្យរ៉ឺម៉ូតូ លក់បន្លែ ផ្លែឈើចំនួន២គ្រឿងនិងម៉ូតូចំនួន ២ គ្រឿងបានរងការខូចខាតដោយធ្វើអោយបន្លែ ផ្លែឈើនៅរាយប៉ាយពេញផ្លូវ។ចំណែក រថយន្តបានរងការខូចខាតផ្នែកខាងមុខ។
តាមអ្នកបើកបរបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនត្រូវបានមេប្រើឲ្យបើករថយន្តយកទៅជួសជុល។ នៅពេលធ្វើដំណើរតាមផ្លូវស្រាប់តែរថយន្តដាច់កាឡេរ៉េចង្កូតទៅបុករះអ្នកលក់ដូរនៅតាមដងផ្លូវតែម្ដង៕
