តារាសម្តែងហូលីវូតដ៏ល្បីល្បាញ លោក ថម គ្រូស (Tom Cruise) ដែលមានអាយុ ៦៣ ឆ្នាំ បានទទួលពានរង្វាន់អូស្ការកិត្តិយសនៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ «ហ្កាវវ៉ឹណឺ អឹវ៉ដ» (Governors Awards) លើកទី ១៦ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នាឱកាសនោះ លោកបានថ្លែងការអរគុណទៅកាន់អ្នកគាំទ្រ និងក្រុមការងារនៅពីក្រោយឆាក ជាមួយសារដ៏រំជួលចិត្ត ខណៈពេលដែលការទទួលបានពានរង្វាន់នេះគឺជាលើកទី១នៅក្នុងឆាកជីវិត បន្ទាប់ពីលោកសន្សំបទពិសោធន៍អស់រយៈពេលជាង ៤០ ឆ្នាំនៅក្នុងឧស្សាហកម្មភាពយន្ត។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់ Variety បានឱ្យដឹងថា លោក «ថម គ្រូស» (Tom Cruise) បានថ្លែងអំណរគុណដល់មនុស្សរាប់ពាន់នាក់ ក្នុងការផលិតភាពយន្តមួយ ឱ្យកើតឡើងមកបាន មិនថាក្រុមការងារនៅពីក្រោយឆាក ក្រុមតារាសម្តែង អ្នកនិពន្ធ ក្រុមបច្ចេកទេស និងអ្នកដែលមានចំណែកផ្សេងៗ។
គួរឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះ ក៏មានការចូលរួមពីតារាល្បីៗជាច្រើនរូបផងដែរ រួមមាន ជេននីហ្វើ ឡរ៉េន (Jennifer Lawrence), ឡេអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio), ស៊ីដនី ស្វីននី (Sydney Sweeney), ដវេន ចនស៊ុន (Dwayne Johnson) និង អេមម៉ា ស្តូន (Emma Stone) ជាដើម៕
