លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានបង្ហាញសេចក្តីព្រាងផែនការសន្តិភាពចំនួន 20 ចំណុច ដើម្បីបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា សេចក្តីព្រាងនេះ អាចត្រូវបានកែសម្រួលក្នុងអំឡុងពេលនៃការចរចានាពេលអនាគត។ យោងតាមលោកប្រធានាធិបតី សេចក្តីព្រាងនេះ រួមមានបទប្បញ្ញត្តិដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់អ៊ុយក្រែន និងការបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យខ្សែទំនាក់ទំនងដើម្បីធានាសន្តិភាពរយៈពេលវែង ការរក្សាទំហំកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅត្រឹម 80 ម៉ឺននាក់ និងការធានាសន្តិសុខស្រដៀងគ្នាទៅនឹងមាត្រា 5 របស់អង្គការណាតូ ការចូលជាសមាជិកសហភាពអឺរ៉ុប ការបង្កើតមូលនិធិសរុបចំនួន 800 ពាន់លានដុល្លារអាមេរិកសម្រាប់ការស្តារសេដ្ឋកិច្ច កសាងប្រទេស និងតម្រូវការមនុស្សធម៌ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ុយក្រែន និងអាមេរិក ការបោះឆ្នោតមុនកាលកំណត់ បញ្ហាទឹកដី និងលទ្ធភាពនៃការបង្កើត "តំបន់សេដ្ឋកិច្ចសេរី" នៅក្នុងតំបន់ ដុនបាស ជាដើម។
