លោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា នីកូឡាស ម៉ាឌូរូ បានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក បន្ទាប់ពីបានរឹបអូសកប៉ាល់ដឹកប្រេងឆៅចំនួន 1.9 លានបារ៉ែល ដោយហៅវាជាទង្វើរបស់ "ចោរសមុទ្រ"។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតី ម៉ាឌូរូ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ "បើកការវាយប្រហារដោយយោធា ចាប់ជំរិត និងប្លន់ លើកប៉ាល់ពាណិជ្ជកម្មរបស់ក្រុមហ៊ុនស៊ីវិល ខណៈដែលរហូតមកដល់ពេលនេះ ដំណឹងរបស់នាវិកទាំងអស់នៅលើនាវា នៅមិនទាន់ដឹងនៅឡើយទេ។ ទន្ទឹមនឹងនេះ លោក ក៏បានប្រកាសថា រដ្ឋាភិបាលវេណេស៊ូអេឡា នឹងបន្តសកម្មភាពផ្លូវច្បាប់ និងការទូត ព្រមទាំងអនុវត្តវិធានការដើម្បីការពារការដឹកជញ្ជូនប្រេងរបស់ប្រទេស។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានរឹបអូសកប៉ាល់ដឹកប្រេងនេះ នៅឆ្នេរសមុទ្ររបស់ប្រទេសវេណេស៊ូអេឡាកាលពីថ្ងៃពុធ ទី10 ខែធ្នូ ដែលជាការរឹបអូសប្រេងរបស់ប្រទេសវេណេស៊ូអេឡាលើកដំបូង ចាប់តាំងពីការប្រកាសដាក់ទណ្ឌកម្មលើប្រទេសនេះ កាលពីឆ្នាំ 2019។